ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសេវា ពង្រីកវិសាលភាពនៃសេវាទូរស័ព្ទ និងអ៊ីនធឺណិតតាមរយៈការសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័ត ការស្ថាបនាបណ្តាញខ្សែកាបលើអាកាសនិងក្រោមដី ការបញ្ចប់គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រឱ្យបានឆាប់ និងការស្ថាបនាបណ្តាញខ្សែកាបអុបទិកទៅដល់គ្រប់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានតម្រូវការ។សម្ដេចបវរធិបតី ក៏ណែនាំឱ្យក្រសួងរៀបចំផែនការដាក់ឱ្យដំណើរការសេវាទូរស័ព្ទចល័តជំនាន់ទី៥ (៥G) ដើម្បីឱ្យរាជរដ្ឋាភិបាលកំណត់ពេលសមរម្យមួយក្នុងការដាក់ឱ្យដំណើរការសេវានេះ។
ទន្ទឹមនេះ សម្ដេចបវរធិបតី ក៏ណែនាំឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផ្តល់កិច្ចសហការឱ្យបានពេញលេញ ក្នុងការជួយសម្រួល និងពន្លឿននីតិវិធីផ្តល់ការអនុញ្ញាតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ដោយត្រូវចាត់ទុកថា សេវាទូរស័ព្ទ និងអីនធឺណិត គឺជាសេវាសារវន្ត ដូចសេវាអគ្គិសនី និង ទឹកស្អាត ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះសម្ដេចបវរធិបតីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការបារម្ភអំពីផលប៉ះពាល់សុខភាពបង្កមកពីស្ថានីយអង់តែនទូរសព្ទចល័ត, ពីព្រោះ តាមការសិក្សារបស់អង្គការសុខភាពពិភពលោក គឺពុំមានភស្តុតាងវិទ្យាសាស្ត្រណាដែលបង្ហាញថា ស្ថានីយអង់តែនទូរសព្ទចល័ត អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋហើយប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមនប្រទេសទាំងអស់ ជាពិសេស ប្រទេសអភិវឌ្ឍមិនប្រើប្រាស់សេវាទូរស័ព្ទទៀតទេ៕