ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថា ត្រូវបន្តពង្រឹងគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្តលើសេវាប្រៃសណីយ៍ និង ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការបន្តពង្រឹងប្រតិបត្តិការរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា ការពង្រីកបណ្តាញប្រៃសណីយ៍ឱ្យបានទូលំទូលាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍គន្លឹះ៖ រួមមាន ឃ្លាំងភស្តុភារកម្មប្រៃសណីយ៍ និងភណ្ឌាគារគយមានដែនកំណត់ការដឹកជញ្ជូនគោលដៅចុងក្រោយ និង ការត្រៀមដាក់ឱ្យប្រើប្រាស់ថ្នាល DGPost ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីប្រៃសណីយ៍រស់រវើក។
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និង ធនាគារជាតិនៃកម្ពុជា ដែលជាតួអង្គសំខាន់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំង ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវសហការដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យដំណើរការបានល្អ ដោយលុបបំបាត់ការលក់ទំនិញក្លែងក្លាយ និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ៕