ជនជាតិព្នងនៅឃុំក្បាល រមាសស្រុកសេសាន នាំគ្នាអភិរក្សប្រពៃណី

0

បងប្អូនជនជាតិព្នងនៅឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង នាំគ្នាប្រារព្វប្រពៃណីសែនស្រូវឡើងជង្រុក ដើម្បីបង្ហាញឱ្យកូនចៅជាអ្នកបន្តវេន ដើម្បីសុំសេចក្តីសុខចម្រើន រស់នៅក្នុងភូមិ ។

ក្នុងពិធីប្រារព្វប្រពៃណីរបស់ជនជាតិព្នងនៅ ភូមិ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ខែកុម្ភៈ លោក សេតកាល់ មេកន្ត្រាញជនជាតិព្នងដឹកនាំអភិរក្សប្រពៃណីបញ្ជាក់ថា៖ បងប្អូនជនជាតិ ព្នង,គ្រឹង,គួយ,កាវែត ,ទំពួន ,ព្រៅ.ខិ, លន់,មិល , ស្ទៀង ,ចារាយ , ក្រោល, កាចក់ , ព័រ, ខោញ,ថ្មូន , ស្អូច , ធ្វើពិធីសែនព្រេន ទៅតាមទំលាប់មានក្របីស ក្របីខ្មៅ ចំណី – មាន់-ជ្រូក- ផ្លែឈើ – អាហារ ស្រាពាងទៅតាមទីតាំងរស់នៅរៀងៗខ្លួន ។

លោកបន្តថា៖ ការអភិរក្សទំនៀមទំលាប់នេះបងប្អូនជនជាតិព្នង បានប្រមូលផ្តុំគ្នារៀបចំធ្វើទីតាំង អាស្រមអ្នកតា ធ្វើពិធីសែនព្រេន ម្ចាស់ទឹកម្ចាស់ដី សុំឱ្យបរមី ផ្តល់សេចក្តីសុខចម្រើន និងបានបង្ហាញពីរបៀបរបរនៃការរស់នៅប្រចាំថ្ងៃ ឱ្យកូនចៅជំនាន់ក្រោយគោរពប្រតិបត្តិតាម ។

លោក ជ្រូង ញ៉ុង ជនជាតិព្នងនៅឃុំក្បាលរមាសបានបញ្ចាក់ថា៖ ប្រពៃណីនេះចាស់ទុំជនជាតិបានដឹកនាំកូនចៅឱ្យរួមគ្នាអនុវត្តតាម ដើម្បីបង្ហាញការដឹងគុណដល់ដូនតា ហើយការរស់នៅតាមគ្រួសារនិមួយៗត្រូវដឹងគុណចំពោះឪពុកម្តាយ ។

លោកបន្តថា៖មួយវិញទៀត នៅក្នុងសង្គម កូនចៅត្រូវគោរពចាស់ទុំ ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រូបង្រៀន ដើម្បីធ្វើជាពលរដ្ឋល្អ ទោះបីថា បងប្អូនជនជាតិមានអម្បូរខុសគ្នាយ៉ាងណាក៍ដោយ ។

លោកប៉ែនសុបុល មេឃុំ ក្បាលរមាស បានសាទរចំពោះការយល់ដឹងនេះ ព្រោះបងប្អូនជនជាតិយើងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងរៀបចំតំបន់រស់នៅប្រកបដោយភាពសុខដុមរម្យនាស្ថិននៅក្រោមដំបូលសុខសន្តិភាពដោយគ្មានការរើសអើងអ្វីឡើយ ។

លោកសំណូមពរឱ្យបងប្អូនយើងទាំងអស់ត្រូវ បន្តបង្កើនការសាមគ្គីភាពគ្នា ឱ្យកាន់តែល្អជាងនេះដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានរស់នៅ ឱ្យកាន់តែរីកចម្រើនឡើងទៀត ព្រោះបច្ចុប្បន្នអាជ្ញាធរស្រុក ខេត្ត បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វបែបយ៉ាង នៅក្នុងមូលដ្ឋាន មានទាំងសាលារៀន.វត្តអារាម, មណ្ឌលសុខភាព.ផ្លូវ,ទឹក.ភ្លើង.ជាដើម។ល ។

សូមបញ្ជាក់ថា៖ បងប្អូនជនជាតិបាននាំគ្នាធ្វើពិធីសែនព្រេនអភិរក្សប្រពៃណីជារៀងរាល់ឆ្នាំ ទៅតាមទំលាប់ ដូចជាសែនស្រូវឡើងជង្រុក ដឹងគុណព្រះមេរុ៍ ទុកដាក់ភោគផលឱ្យគង់វង់ សែនអ្នកតាភ្នំសុំឱ្យមានសេចក្តីសុខចម្រើន -សែនប្រយុងស្រែសូមឱ្យគ្រប់ពូជដាក់ចុះដុះឡើង- និងសែនដូនតាក្នុងភូមិឱ្យកូនចៅរស់នៅសម្បូរសប្បាយ -និងប្រយោជន៍បានឃើញនាំគ្នាបន្តវេនប្រតិបត្តិតាមតរៀងទៅ ៕