ក្រសួងប្រៃសណីយ៍ផ្តួចផ្តើមគំនិតបង្កើតសួនឌីជីថល ដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងកសាងសហគមន៍ឌីជីថល

0

ក្នុងបទបង្ហាញ​​របស់​មន្ត្រីជាន់ខ្ពស់​​នៃ​ក្រសួង​ប្រៃស​ណី​យ៍​ និង​ទូរគ​មនាគមន៍​នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថាក្រសួង​ប្រៃ​សណីយ៍ និងទូរគមនាគមន៍ ដែលជា​សេនា​ធិការ​របស់រាជរដ្ឋាភិបាល​ បាន​បង្ហា​ញ​ពី​គំ​និត​​ផ្តួចផ្តើមក្នុងការបង្កើតសួនឌីជីថលមួយដើម្បីគាំ​ទ្រ​ដល់ធុរកិច្ចថ្មីឌីជីថល និង​ក​សា​ងសហគមន៍ឌីជីថលនៅកម្ពុជា ។

ឯកឧត្តម​ ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានលើកឡើងថា សួនឌី​ជីថលនេះ​នឹងក្លាយជា​ច្រកចេញ-ចូលតែមួយដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ​ផ្តល់​កា​រគាំ​ទ្រ​កិ​ច្ច​កា​ររ​ដ្ឋ​បា​​ល​ និ​​ងអ​នុលោមភាព, ផ្សារ​ភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅ​នឹង​ឧស្សាហកម្ម និង​ការអប់រំ​ជំ​នាញ​ឌី​ជី​ថ​​លដោ​យ​ផ្សា​រ​ភ្ជា​ប់​​នឹងឱកាស​ការងារ។សួនឌីជី​ថល​នេះ នឹងចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យា​ល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការដើរតួនាទីជាមជ្ឈ​មណ្ឌលអប់រំ ដើម្បី​ជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់​ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាស​ការងារ​ដោយផ្ទាល់ ក៏ដូចជាការ​ធ្វើការងារពីចម្ងាយ ព្រម​ទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញ​ឌី​ជីថ​ល​ក្នុង​ការ​បន្ត​កា​រ​សិក្សា​នៅសា​​​ក​លវិទ្យាល័យ។

បើតាមឯកឧត្ត​ម ហាក់ សុខហេង សួនឌីជីថលនេះ ក៏នឹងក្លាយ​ជាម​ជ្ឈ​ម​ណ្ឌល​ទិ​ន្ន​ន័​យជា​តិទី១ សម្រាប់បំពេញតម្រូវការ​ទាំងវិស័យសាធារណៈ និងឯកជន, ផ្តល់សេវា Data Hosting មួយ​ប្រ​កប​ដោ​យ​សុ​វ​​ត្ថិភា​ព ការជឿទុកចិត្ត និងតម្លៃ​សមរម្យ, ទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេក​វិទ្យា, ទាក់ទា​ញ​ក្រុ​ម​ហ៊ុ​នប​ច្ចេ​ក​វិទ្យា​ក្នុងតំបន់ និងពិភពលោកមក​ដាក់​ប្រតិបត្តិការនៅកម្ពុជា, ដើរតួនា​ទី​ជា​ច្រ​កទ្វា​រ​ស​ម្រា​​ប់ភ្ជា​ប់ទៅ​កា​ន់​ទី​ផ្សា​រអាស៊ាន, ផ្តល់ទីកន្លែងតាំងពិព័រណ៍នូវស្នាដៃ​នវានុវត្តន៍​ពីធុរកិច្ចថ្មី​ឌីជីថល មជ្ឈដ្ឋានសិក្សា អ្នក​សិក្សា​ស្រា​វ​ជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា និងផ្តល់​ជាទីតាំងសម្រាប់ការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្ត​​​រ​​ជា​តិ​នានា ដើម្បីជំរុញកិច្ចសហការ និងការចូលរួមពីសាធារណជន ។

ខណៈនេះក្រសួងប្រៃសណីយ៍ កំពុងតែសិក្សាដើម្បីកំណត់ជ​ម្រើស​ទីតាំ​ង​សួ​​ន​​ឌី​ជី​ថល និងរៀបចំការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធនានា។ ការបង្កើតសួ​នឌីជីថលនេះ នឹងដើ​រតួ​នា​ទី​យ៉ាង​សំខា​ន់​ក្នុងការជំរុញ​ការអភិវឌ្ឍជំនាញឌីជីថល គាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋា​រ​ច​នាស​ម្ព័ន្ធ​ឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាង​សហគមន៍ឌីជីថលមួយ ក្នុងកា​រ​ទាក់​ទា​ញ​វិ​និ​យោ​គិ​ន​ សំដៅរួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល​នៅកម្ពុជា»។ឯកឧត្តម ហាក់ សុខហេង បញ្ជាក់។

ឯកឧត្តម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រៅពីការ​បង្កើត​សួន​ឌីជីថល​នេះដែរ ​ក្រសួង​ប្រៃសណីយ៍​ក៏បាន​ និងកំពុង​ជំរុញការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុងវិស័យ​ឌីជីថល​នេះ​បន្ថែមផងដែរ ដោយក្រសួង​ផ្ដល់​អាហារូប​ករណ៍​ដល់​និស្សិត​ដែលចង់​រៀនជំនាញ​ និង​ផ្ដល់​ជា​ក​ញ្ច​​​ប់ឥណទាន​ដល់​និស្សិតដោយគ្មានកា​រប្រាក់ ហើយនិស្សិត​អាច​ធ្វើការ​បង់​រំលស់ឥណទាន​នោះ​មក​វិ​ញ​ពេ​ល​​​រៀន​ចប់ និងទទួលបាន​ប្រាក់ខែចាប់ពី​៥០០​ដុល្លារ​ឡើងទៅ ។

ទោះបីជា​ក្រសួង​ផ្ដល់កញ្ចប់​ឥណទាន​ដល់​និស្សិត​សម្រាប់ជំនាញឌីជីថល​ក៏ដោយ ក៏ឯកឧត្តមរដ្ឋមន្រ្តីសង្កេត​ឃើញ​ថា​ មាននិស្សិតតិច​តួច​ប៉ុណ្ណោះ​ដែល​បានដាក់ពាក្យ​ស្នើ​សុំអាហារូប​ករណ៍ពីក្រ​សួង​ប្រៃ​សណីយ៍​ និងទូរ​គមន៍ ។

គំនិតផ្តួចផ្តើមនៃការបង្កើតសួនឌីជីថលនេះ គឺបន្ទាប់ពីក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍កម្ពុជា​បានសិក្សាពី​ប្រទេស​ថៃលើ​គ​ម្រោ​ង​​ ​Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០គីឡូម៉ែត្រ ពី​ទី​ក្រុង​​បា​ងកក ដែលគម្រោង​នេះបានចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយសម្រេចបាន៦០ភាគរយ។គម្រោងនេះ បាន​ផ្តល់​ការ​គាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងកសាង​សហគមន៍​ឌីជីថល និងការលើកចិត្តដូចជា ពន្ធ​សាជី​វកម្ម និង​ពន្ធលើប្រាក់​ចំណូល​ផ្ទាល់ខ្លួនជាដើម ៕