ធនាគារជាតិ និងក្រសួងកសិកម្ម រួមគ្នាជំរុញលទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ «សហគមន៍កសិកម្មទំនើប»

0

ធនាគារជាតិនៃកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥​បានរួមគ្នាពិនិត្យ និងពិភាក្សា ដើម្បី​ជំរុញលទ្ធភាព​ពង្រីកប្រភពឥណទានសម្រាប់ “សហគមន៍​កសិកម្ម​ទំនើប” ពិសេស ដើម្បីជំរុញដល់ការ​អភិវឌ្ឍជនបទ និងវិស័យកសិកម្ម​ដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។

កិច្ចប្រជុំនេះបានពិភាក្សាស្តីពី “ឥណទានកសិកម្ម” មានការចូលរួមដោយ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារ​ជាតិនៃកម្ពុជា និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ កិច្ចប្រជុំនេះមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធនាគារជាតិនៃ​កម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ​នានាជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពី លទ្ធភាព​ពង្រីកប្រភពឥណទានសម្រាប់ “សហគមន៍​កសិកម្ម​ទំនើប” ដើម្បី​ជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់​ផ្គត់ផ្គង់​តម្រូវការក្នុងស្រុក និងការនាំចេញនៅ​កម្ពុជា។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថាសហគមន៍កសិកម្មទំនើបដើរ​តួនាទី​យ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់​តម្រូវការក្នុងស្រុកនិងការនាំចេញ។

ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ឯកឧត្តម​បានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ​និងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមាន​លក្ខខណ្ឌ​អំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយ​វិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហ​គ្រាសសេដ្ឋកិច្ច​កសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ។

ចំណែកធនាគារជាតិនៃកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ​បានបង្ហាញស្មារតីចូលរួមគាំទ្រ និងជ្រោមជ្រែង​គំនិតផ្តួចផ្តើម​បង្កើត​និងអភិវឌ្ឍសហគមន៍កសិកម្មទំនើបនេះ តាមរយៈការជំរុញលើការ​រៀបចំកម្មវិធី គោលនយោបាយ​ផ្សេងៗដែលអាចផ្តល់ការអនុគ្រោះ​បន្ថែមនិងលក្ខខណ្ឌពិសេស លើឥណទានកសិកម្ម។

បន្ទាប់ពីកិច្ចប្រជុំខាងលើ ឯកឧត្តម យឹម លាត ក៏បានដឹកនាំកិច្ច​ប្រជុំពិភាក្សាដាច់ដោយឡែកមួយទៀត ទាក់ទងនឹង​ការលើកកម្ពស់​បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលមានការចូលរួមពីមន្ត្រីជំនាញ​ធនាគារជាតិនៃកម្ពុជា និងតំណាង​ក៏ដូចជាសមាជិកសមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ ៕