ស្ថានភាពផលិតកម្មស្រូវប្រាំងនិងកិច្ចអន្តរាគមន៍ដោះស្រាយប្រភពទឹកស្រោចស្រព

0

សៀមរាប៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥បានចុះពិនិត្យស្ថានភាពដំណាំស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះបន្ថែម ដល់ដំណាំស្រូវប្រាំងដែលប្រឈមនឹងការខ្វះទឹក ស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

នេះគឺជាសកម្មភាពឆ្លើយតបបន្ទាន់ចំពោះស្រូវប្រាំងជាច្រើនកន្លែងដែលកំពុងខ្វះទឹក។ ហើយកិច្ចសហការចុះអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនេះ គឺជាការអនុវត្តតាមស្មារតីកិច្ចអន្តរាគមន៍ដោះស្រាយទឹកដែលក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២កុម្ភ្:ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពី “កិច្ចអន្តរាគមន៍ទឹកដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២៥”។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់មន្ទីរធនធានទឹក និងក្រុមការងារពាក់ព័ន្ធទូទាំងប្រទេស ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយសង្គ្រោះការដាំដុះស្រូវក្នុងរដូវប្រាំងឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាម «ក្រសួងជំនាញដែលមានឯកទេសលើបញ្ហានេះ យើងត្រូវតែដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការជួយដល់ប្រជាកសិករឱ្យបានទាន់ពេលវេលា»។

សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍ដើម្បីដោះស្រាយទឹកនេះ ធ្វើឡើងតាមប្រសាសន៍សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៣០មករាឆ្នាំ២០២៥ដែលបានណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ បង្កើនការផ្គត់ផ្គង់ទឹកនៅទូទាំងខេត្ត-ក្រុង ដើម្បីជួយសង្គ្រោះការដាំដុះស្រូវប្រាំង ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។

សម្តេចបវរធិបតីក៏បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូនដល់ប្រជាពលរដ្ឋ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ថ្នាក់ដឹកនាំក្រសួងបានចុះអន្តរាគមន៍ជាបន្ទាន់ ដោយចាប់ពីថ្ងៃទី៣១ធ្នូឆ្នាំ២០២៤មក ដោយបានចុះ អន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងនៅស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ បានចំនួន ៧៥២ហិកតា។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានជួយបូមទឹកសង្រ្គោះ ស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ខណ:មន្ត្រីក្រសួងបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ប្រមាណ ៥៣០ហិកតា របស់ប្រជាកសិករចំនួន ២៣១គ្រួសារ ក្នុងភូមិចំនួន៦ ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាលនិងអន្តរាគមន៍បូមទឹក សង្រ្គោះស្រូវ ១៥០ហិកតា នៅ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំព្រមទាំងបានជួយដោះស្រាយទឹកដល់ស្រែប្រាំងរបស់ប្រជាកសិករប្រមាណ ៨៦៦ហិកតា ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

កាលពីថ្ងៃទី២កុម្ភៈមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ១៧០០ហិកតា នៅឃុំស្នឹង ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រសួងកសិកម្មបានអោយដឹងថា កាលពីឆ្នាំ២០២០ ផលិតកម្មស្រូវប្រាំងអនុវត្តបានជាង៤៩៥ពាន់ហិកតា ទន្ទឹមនេះផ្ទៃដីកសិកម្មត្រូវបានពង្រីកជារៀងរាល់ឆ្នាំ។

កំណើនផ្ទៃដីកសិកម្មស្រូវប្រាំងនេះបានកើតឡើងខណ:តម្លៃស្រូវល្អនិងមានទីផ្សារ ប៉ុន្តែការពង្រីកផ្ទៃដីស្រូវប្រាំងនេះ មិនសមាមាត្រជាមួយប្រភពទឹកសម្រាប់ស្រោចស្រព ស្របពេលមានកើតគ្រោះរាំងស្ងួត បានធ្វើអោយកើតមានបញ្ហាខ្វះប្រភពទឹកប្រើប្រាស់។ ចាប់ពីខែធ្នូឆ្នាំ២០២៤មក ផលិតកម្មស្រូវប្រាំងបានចាប់ផ្តើមជួបគ្រោះខ្វះទឹកស្រោចស្រពជាបណ្តើរៗ។ តម្រូវការទឹកសម្រាប់ស្រូវប្រាំងនេះបានកើតនៅគ្រប់ខេត្តដែលទាមទារអោយរកមធ្យោបាយដោះស្រាយជាបន្ទាន់ ដើម្បីសង្រ្គោះអាយុជីវិតស្រូវរបស់ប្រជាកសិករ។

ស្របពេលដែលកំពុងតែចុះកិច្ចអន្តរាគមន៍ដោះស្រាយទឹក ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ក្រសួងបានអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅគ្រប់តំបន់រួចហើយ ប៉ុន្តែ ប្រជាកសិករត្រូវបង្កើតសហគមន៍ថែទាំទឹកទៀត ទើបធានាបានប្រភពទឹករឹងមាំសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម៕