ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សរុបជាង១លាន៣០ម៉ឺនដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងបោសសម្អាតមីន នៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ដែលនៅសេសសល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS)។
តាមប្រសាសន៍របស់ឯកឧត្តមឯកអគ្គរាជទូត បានឱ្យដឹងថា ថវិកាជាង៦៥ម៉ឺនដុល្លារ ផ្តល់សម្រាប់គម្រោងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១០០ហិកតា នៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការបញ្ជៀសពីហានិភ័យនៃគ្រាប់ មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។
ឯកឧត្តម បន្តថា ចំណែកថវិកាជាង ៦៤ម៉ឺនដុល្លារទៀត ផ្តល់សម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ២៤០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការបញ្ជៀសពីហានិភ័យនៃគ្រាប់ មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការ គ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លាន ដុល្លារអាម៉េរិក ដល់គម្រោងចំនួន១៦០ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕