ក្រសួងមហាផ្ទៃលើកសរសើរ ខេត្តត្បូងឃ្មុំលើការងាររអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាពប្រចាំឆ្នាំ២០២៤

0

ត្បូងឃ្មុំ៖ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាកងកម្លាំងទាំង៣ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ដែលបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះគោលនយោបាយមួយនេះ។

ការលើកឡើងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈឯកឧត្តម កុល វីរក្ស បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបានលើកឡើងថា កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ព្រោះថាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាឱកាសនោះ បានអានរបាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤កន្លងទៅ ដោយរបាយការណ៍បានបង្ហាញ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ អនុវត្តផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋដោយប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រង ទៅជាអ្នកផ្តល់សេវា ប្រកបដោយសីលធម៌វិជ្ជាជីវៈផ្ដោតលើចំណុចមួយចំនួន រួមមាន៖

*ទី១៖ ភាពងាយស្រួលក្នុងការយកសេវាទៅប្រើប្រាស់

*ទី២៖ ភាពគួរសម រួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់សេវា

*ទី៣៖ ការផ្ដល់ចម្លើយងាយយល់នៅក្នុងថេរវេលាដែលបានកំណត់ជាមុន

*ទី៤៖ ការផ្តល់ការបំភ្លឺរាល់ការទាមទាររបស់អ្នកប្រើប្រាស់សេវា។

របាយការណ៍ក៏បានលើកឡើងផងដែរ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ស្តីពីលក្ខណៈសម្បត្តិទី២ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ អធិការក្រុង/ស្រុក មេប៉ុស្តិ៍ មេឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕