ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា បេក្ខជន ឬយុវជន យុវនារីដែលចង់បម្រើការងារនៅក្នុងផ្នែករដ្ឋបាលសាធារណៈ គឺអាចដាក់ពាក្យប្រឡងចូលក្រសួងស្ថាប័នរដ្ឋតាមបណ្តាញអនឡាញ នៅគ្រប់ទីកន្លែងដោយមិនចាំបាច់ចំណាយពេលវេលាមកដាក់ពាក្យនៅតាមបណ្តាក្រសួងស្ថាប័នទាំងនោះផ្ទាល់ទេ ។
ឯកឧត្តម យក់ ប៊ុនណារដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានថ្លែងថា បច្ចុប្បន្នការកែទម្រង់របស់រាជរដ្ឋាភិបាលកាន់តែផ្តល់ភាពងាយស្រួលទៅបេក្ខជន បេក្ខនារី ឬយុវជន យុវនារីដែលមានបំណងចង់បម្រើការងារនៅស្ថាប័នរដ្ឋ គឺគ្រាន់តែដាក់ពាក្យតាមប្រព័ន្ធអនឡាញជាការរួចជាស្រេចដោយមិនចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរមកដាក់នៅកន្លែងផ្ទាល់នោះទេ ។ ឯកឧត្តមបន្តថា បេក្ខជននៅតំបន់ដាច់ស្រយាលចង់បម្រើការងារក្នុងរដ្ឋបាលសាធារណៈគ្រាន់តែដាក់ ពាក្យតាមអនឡាញ និងភ្ជាប់ជាមួយឯកសារផ្ទាល់ខ្លួនសាមញ្ញបំផុត ដោយគ្មានការស្មុគស្មាញនោះទេ។ ចំពោះការប្រឡងវិញគឺធ្វើឡើងដោយបើកចំហ គ្មានការលាក់បាំងអ្វីនោះទេ ។ “ឥឡូវនេះមានភាពងាយ ស្រួលមែនទែន ជាការកែទម្រង់របស់រាជរដ្ឋាភិបាលសម្រាប់បេក្ខជនរបស់យើង យុវជនរបស់យើងដែលលោកស្វែងរកឱកាសការងារនៅក្នុងរដ្ឋបាលសាធារណៈ គាត់អាចដាក់ ពាក្យពីទីកន្លែងណាក៏បានដែរ គឺគាត់ដាក់ពាក្យតាមអនឡាញ ហើយនីតិវិធីនៃការដាក់ពាក្យហ្នឹង ឯកសារសាមញ្ញបំផុត គឺយើងត្រូវការតែសញ្ញាបត្រដើម្បីបញ្ជាក់កម្រិតបណ្តុះបណ្តាលរបស់គាត់ឲ្យស្របជាមួយនឹងអ្វីដែលជាលក្ខខណ្ឌនៃមុខតំណែងដែលគាត់ប្រឡង ។ ទី២-អត្តសញ្ញាណប័ណ្ណ ឬក៏សំបុត្រកំណើត ។ បាទអត់មានអីច្រើនទេ មានតែ២”។
ឯកឧត្តមបន្តថា នៅពេលពួកគាត់អាចបំពេញបែបបទតាមប្រព័ន្ធអនឡាញរួចហើយ ក្រុមការងារនឹងឆ្លើយតបទៅវិញ ហើយបើត្រូវតាមលក្ខខណ្ឌរបស់ពួកគាត់ និងទទួលស្គាល់ការចូលប្រឡង នឹងចេញបញ្ជីឲ្យពួកគាត់ត្រួតពិនិត្យមើលឈ្មោះ បន្ទប់ និងមណ្ឌលប្រឡងមុនមួយសប្តាហ៍នៃការប្រឡងដោយមិនចាំមកដោយផ្ទាល់នោះទេ។
ឯកឧត្តម យក់ ប៊ុនណា បញ្ជាក់ទៀតថា ជាក់ស្តែងដូចកន្លងមក ក្រសួងមុខងារសាធារណៈបានសហការជាមួយក្រសួងស្ថាប័នរដ្ឋចំនួន៨ដែលមានតម្រូវការនៃការជ្រើសរើសដោយពួកគាត់បានចូលរួមយ៉ាងរីករាយដើម្បីបង្កភាពងាយស្រួលដល់បេក្ខជនប្រឡង ៕