ការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ គឺដើម្បីជួយដល់ប្រជាកសិករខ្មែរ «មានហូប មានបាន មានប្រើ និងមានរហូត»

0

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា ការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ គឺដើម្បីជួយដល់ប្រជាកសិករខ្មែរ «មានហូប មានបាន មានប្រើ និងមានរហូត» នេះគឺជាការគិតគូរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដោយមានក្រសួងកសិកម្មជាសេនាធិការ ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន ប្រសាសន៍ថា មន្ត្រីកសិកម្មឃុំ គឺជាអ្នកសម្របសម្រួលរវាងកសិករនិងអ្នកពាក់ព័ន្ធក្នុងការងារផលិតកម្ម ហើយក្នុងនោះភារកិច្ចជាក់លាក់របស់គាត់ គឺក្រសួងបានកំណត់ចំនួន៥ ប៉ុន្តែបច្ចុប្បន្ននេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម គឺសង្ខេបនៅសល់តែ២ប៉ុណ្ណោះ គឺទី១ បម្រើកសិករឱ្យបានល្អ ទី២ ធ្វើយ៉ាងណាប្រមូលទិន្នន័យឱ្យបានច្បាស់លាស់មកឱ្យក្រសួងវិញ ដើម្បីក្រសួងងាយស្រួលធ្វើការគាំទ្រដល់ពួកគាត់សម្រាប់អភិវឌ្ឍវិស័យកសិកម្មទាំងមូល ។លើសពីនេះទៀត មន្រ្តីកសិកម្មឃុំបានចូលរួមផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងតម្លៃស្រូវសើមដោយផ្ទាល់ជាមួយកសិករ និងតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងសកម្ម ។

ឯកឧត្តមបណ្ឌិត បានបន្តថា អ្វីដែលមន្ត្រីកសិកម្មឃុំត្រូវធ្វើការងារបម្រើដល់កសិករនោះ មិនមែនត្រឹមតែជាការជំរុញទៅលើការផលិតនោះទេ គឺជំរុញឱ្យកសិករកាត់ បន្ថយថ្លៃដើម អ្វីដែលសំខាន់មួយទៀតនោះ គឺពាក់ព័ន្ធជាមួយនឹងនិរន្តរភាពបរិស្ថាន គឺការលើកតម្កើងនូវជីវជាតិដី ការលើកតម្កើងនូវជីវៈចម្រុះ ការលើកបង្កើននូវសមត្ថភាពចំណីអាហារ ដែលជាផ្នែកដ៏សំខាន់នៃនិរន្តរភាពកសិកម្ម ។ « ដើម្បីបំពេញតួនាទីភារកិច្ចទាំងអស់នេះបាន យើងត្រូវការមន្ត្រីកសិកម្មដែលមានសមត្ថភាពខ្ពស់ មានជំនាញសម្របសម្រួល ជំនាញទន់ ជំនាញប្រាស្រ័យទំនាក់ទំនង ជំនាញក្នុងការបង្រៀន ពន្យល់ ដឹកនាំកសិករ ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសថ្មីៗនេះគឺយើងកំពុងតែពង្រឹងជំនាញសម្រប សម្រួលរឿងទីផ្សារ ហើយជំនាញទំនាក់ទំនងទីផ្សារនេះ គឺត្រូវការជំនាញសម្របសម្រួលកសិករនិងកសិករ ធ្វើផែនការផលិត ផែនការផ្គត់ផ្គង់ សម្របសម្រួលអ្នកផ្តល់សេវាម៉ាស៊ីនច្រូត អ្នកដឹកជញ្ជូនជាមួយរោងម៉ាស៊ីន គឺយើងត្រូវការឱ្យធ្វើការជាមួយតួអង្គពាក់ព័ន្ធច្រើន ហើយដើម្បីធ្វើបានគឺត្រូវរៀនជាទ្រឹស្ដីមិនសូវជាជួយប៉ុន្មានទេ គឺត្រូវអនុវត្ដផ្ទាល់តែម្ដង គឺជាការរៀន សូត្រយកបទពិសោធ» ។

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា សម្រាប់ការដាក់ពង្រាយមន្ត្រីកសិកម្មដំបូងចំនួន២៥០នាក់កាលពីឆ្នាំ២០២៤ គឺត្រូវការការតម្រង់ទិសយ៉ាងច្រើន ដូច្នេះហើយទើបក្រសួងរៀបចំផែនការជាជំហានៗ ដោយនៅពេលដែលពួកគាត់រឹងមាំហើយនោះ នាយកដ្ឋានផ្សព្វផ្សាយក៏បានធ្វើការងារជាបន្ត បន្ទាប់ទៀត ដោយមានដាក់បញ្ចូលបន្ថែមចំនួន ១០០០ នាក់ទៀត ធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យល្អប្រសើររួចទើបបន្ថែមចំនួន៣៥០នាក់បន្ថែមទៀត ដោយមានការតម្រង់ទិសជាបន្ត បន្ទាប់ រហូតបង្កើតបានទៅជាក្រុមការងារមន្ត្រីកសិកម្មឃុំទូទាំងប្រទេស សរុបចំនួន១៦០០នាក់ ។

ជាងនេះទៅទៀត ចំពោះការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនេះ គឺក្នុងគោលបំណងផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយនៃការបង្កើតសហគមន៍កសិកម្មទំនើប ព្រោះនៅពេលដែលមានសហគមន៍កសិកម្មទំនើបហើយនោះ គឺមន្ត្រីកសិកម្មឃុំ នឹងចុះជួយគាំទ្រដល់សហគមន៍នោះ ដែលធ្វើឱ្យទំហំការងារកាន់តែតូច និងមានភាពងាយស្រួលក្នុងការដឹកនាំ គ្រប់គ្រង ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ នេះ មន្ដ្រីកសិកម្មឃុំចំនួន ១ ០០០ នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្តទាំង២៥ទូទាំងប្រទេសកម្ពុជា បន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួន២៥០នាក់ដែលមានស្រាប់ ដែលបាននិងកំពុងបម្រើប្រជាកសិករ ដោយឆន្ទៈមោះមុតនិងការប្ដេជ្ញាចិត្តខ្ពស់៕