ការសាងសង់ជណ្តើរត្រីជាជម្រើសដ៏ល្អដែលបានជួយផ្សារភ្ជាប់ខ្សែទឹកខាងលើ និងខាងក្រោមទំនប់

0

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី តាមរយៈគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំធ្វើសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥។

លោកស្រី Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ បានមានប្រសាសន៍ថា ការសាងសង់ជណ្តើរត្រី គឺជាជម្រើសដ៏ល្អដែលបានជួយផ្សារភ្ជាប់ខ្សែទឹកខាងលើ និងខាងក្រោមទំនប់ សម្រួលដល់ការផ្លាស់ទីត្រីឆ្លងកាត់តាមខ្សែទឹក អនុញ្ញាតឱ្យ ត្រីធ្វើការផ្លាស់ទីដោយសុវត្ថិភាព និងជួយដល់ការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាព ដែលរក្សាបានទាំងត្រី និងទឹកសម្រាប់សហគមន៍ជនបទក្នុងតំបន់មេគង្គ។

លោកស្រីបន្ថែមទៀតថា តាមរយៈការរួមបញ្ចូលជណ្តើរត្រីទៅក្នុងផែនការថ្នាក់តំបន់ យើងអាចការពារការខូចខាតប្រព័ន្ធអេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ជួយការពារវិស័យជលផលដែលមានសារ:សំខាន់ដ៏ចាំបាច់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយពង្រឹងភាពធន់របស់សហគមន៍ និងនិរន្តរភាពរបស់បរិស្ថាន។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សន្និសីទដែលរៀបចំធ្វើឡើងនេះ គឺក្នុងគោលបំណងដើម្បីបន្តជំរុញការងារសាងសង់ជណ្តើរត្រីបង្ហាញ ការសិក្សាស្រាវជ្រាវអំពីការផ្លាស់ទីរបស់ត្រីឆ្លងកាត់ជណ្តើរត្រី និងការវិវត្តរចនាប្លង់សាងសង់ជណ្តើរត្រី ប្រទេសក្នុងតំបន់ទន្លេមេគង្គ ព្រមទាំងការងារពាក់ព័ន្ធជាសកលផងដែរ ក្នុងន័យលើកកម្ពស់ដល់ការថែរក្សាត្រី និងទឹក សំដៅរក្សាបាននូវសន្តិសុខស្បៀងមានក្នុងបណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព។

ឯកឧត្តមបានបន្តថា ការអភិវឌ្ឍទាំងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្ម។ ដោយឡែក អនុវិស័យជលផលក៏បានដើរតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់ស្បៀង ជាពិសេស អាហាររូបត្ថម្ភសម្រាប់កុមារតូចៗ និងក្រុមស្ត្រីតាមតំបន់ដាច់ស្រយាល និងប្រជាជននៅតាមតំបន់ជនបទនានា ដែលងាយទទួលបាននូវផលប្រយោជន៍ពីត្រី និងវារីសត្វសម្រាប់ការចិញ្ចឹមជីវិត និងបំពេញតម្រូវការសេដ្ឋកិច្ចជនបទផងដែរ៕