កម្ពុជានឹងបញ្ជូនទ័ពមួកខៀវ៣កងអនុសេនាធំ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិក្នុងខែកុម្ភៈនេះ

0

ភ្នំពេញ៖ កម្ពុជានឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ចំនួន៣កងអនុសេនាធំ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលមានកម្លាំងចំនួន៣៥៥នាក់ ក្នុងនោះមានកម្លាំងនារីចំនួន៨៦នាក់ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម ចូសិហ្វ ស៊ូអើ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ឧត្តមសេនីយ័ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថា កងទាំង៣ខាងលើ គឺមានកងរាជអាវុធហត្ថលេខ៨៧២ ជាកងប្តូរវេនលើកទី១៣ កងវិស្វកម្មពហុជំនាញលេខ៨៦៣ ជាកងប្តូរវេនលើកទី១៥ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨-ទី៣ ជាកងប្តូរវេនលើកទី៣ ដែលនឹងចេញបំពេញបេសកកម្ម អ.ស.ប នាពេលខាងមុខនេះ គឺបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ទាំងផ្នែកការហ្វឹកហ្វឺនស្របតាមនិយាមរបស់អ.ស.ប និងសម្ភារបំពាក់បន្ថែម ដើម្បីបំពេញបេសកកម្មរយៈពេល១ឆ្នាំនៅក្នុងតំបន់បេសកកម្ម។

ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបានកើត ចេញពីមនុញ្ញផលសន្តិភាព យើងបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆ័ត្រ អ.ស.ប សរុបចំនួន៩៨២១នាក់ ដែលក្នុងនោះមាននារីចំនួន៨៥៦នាក់ ទៅកាន់ប្រទេសចំនួន១០៖ Sudan, South Sudan, Lebanon, Chad, Cyprus, Syria, Mali, Central Africa Republic, Yemen និង DR Congo និង១២បេសកកម្ម។

ឯកឧត្តម ចូសិហ្វ ស៊ូអើ មានប្រសាសន៍ថា កងកម្លាំងរក្សាសន្តិភាពកម្ពុជាបានរក្សាប្រពៃណីដ៏ផូរផង់ប្រកបដោយមោទនភាពលើបេសកកម្មរក្សាសន្តិភាព ដោយកងកម្លាំងកម្ពុជាជិត១ម៉ឺននាក់ បានចូលរួមបំពេញបេសកកម្មជាច្រើនក្នុងប្រទេសចំនួន១០ និងជាកម្លាំងសមូហភាពមួយដែលត្រូវបានពិភពលោកទទួលស្គាល់យ៉ាងល្អទៅលើស្នាដៃរបស់ពួកគាត់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា កងកម្លាំងដែលនឹងចេញដំណើរទៅចូលរួមបេសកកម្មនៅពេលខាងមុខនេះ ពួកគាត់គឺមានជំនាញបោសសម្អាតមីន រាជអាវុធហត្ថ មន្ទីរពេទ្យកម្រិត១ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មពហុជំនាញ។ ចំពោះការបញ្ជូនកងកម្លាំងទៅបេសសកម្ម UN គឺកម្ពុជាឈរលំដាប់លេខរៀងទី២៧ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកងកម្លាំង និងលេខ៣ក្នុងសហគមន៍អាស៊ាន រីឯនារីឈរលំដាប់លេខរៀងទី១២ ក្នុងចំណោម១២០ប្រទេស និងលេខ២ក្នុងសហគមន៍អាស៊ាន។ ជាមួយគ្នានេះដែរ កម្ពុជាប្តេជ្ញាចិត្តក្នុងបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិនិច្ច ដើម្បីស្វែងរកសន្តិភាពជូនប្រទេសកំពុងមានសង្គ្រាមស៊ីវិល៕