ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារជាមួយលោកស្រី ឃ្លែរ ខូណាន់ នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោក លើសំណើសុំបន្តការគាំទ្រផ្គត់ផ្គង់អង្ករ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជាដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រោមគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយចក្ខុវិស័យអភិវឌ្ឍកុមារកម្ពុជាឱ្យមានកាយសម្បទារឹងមាំ បញ្ញាស្មារតីឆ្លាតវៃ លើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ និងរួមចំណែកដល់ការកសាងសង្គមមួយមានវិបុលភាព ចីរភាព និងបរិយាបន្ន។
ក្នុងជំនួបនេះ លោកស្រី ឃ្លែរ ខូណាន់ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនកន្លងមក រហូតទទួលបានការគាំទ្រដ៏ច្រើនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយរំពឹងថាកម្មវិធីនេះនឹងបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី តាងនាមក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រ និងចូលរួមសម្របសម្រួលនូវរាល់ដំណើរការក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនឱ្យទទួលបានជោគជ័យកាន់តែត្រចះត្រចង់ ដោយបានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថាកុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន។
គួរបញ្ជាក់ដែរថា កម្មវិធីស្បៀងអាហារពិភពលោកនៅដំណាក់កាលដំបូងត្រូវបានបង្កើតឡើងសម្រាប់រយៈពេល៤ឆ្នាំ (២០២២-២០២៥) ដើម្បីចង្អុលបង្ហាញដល់ការផ្លាស់ប្តូរភាពជាម្ចាស់មានលក្ខណៈជាប្រព័ន្ធពេញលេញលើការអនុវត្ត និងគ្រប់គ្រងកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដល់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយជំនាញដែលអាចបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០ និងបន្តទៅឆ្នាំខាងមុខ៕