ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យ​ការបូមទឹកជួយសង្គ្រោះស្រូវ ប្រឈមនឹង​ការខ្វះទឹក នៅក្រុងសៀមរាប

0

សៀមរាប៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អ៊ឺង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក ប៉ែន ប៊ុនធឿន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក នួន គ្រឹស្នា ប្រធានមន្ទីរ​ធនធាន​ទឹក និងឧតុនិយមខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញនៃ​រដ្ឋបាល​​ក្រុងសៀមរាប និងអាជ្ញាធរសង្កាត់សៀមរាប បានចុះពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះបន្ថែម ដល់ដំណាំស្រូវ​ដែល​ប្រឈមនឹងការខ្វះទឹក ស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ដំណើរបេសសកម្មនោះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ​មើលពីស្ថានភាព​ប្រភព​ទឹកស្ទឹងសៀមរាប ដែលបានបើកជូនតាមការស្នើសុំរបស់ប្រជាកសិករ ការបូមចែកចាយទឹករបស់ប្រជាកសិករ តម្រូវការទឹកសម្រាប់ដំណាំស្រូវ និង​ពិនិត្យទៅលើ​ស្ថានភាពនៃការលូតលាស់របស់ដំណាំស្រូវនៅតំបន់រងគ្រោះ។

ជាមួយគ្នានោះដែរ ដោយមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់ ឯកឧត្តមអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នៅក្នុងការ​បញ្ជូន​ទឹកពីទំនប់អាងក្រពើ តាមដងស្ទឹងដែលកំពុងធ្វើការស្តារ និងជួសជុល បាន​ធ្វើ​ឱ្យ​ដំណាំស្រូវដែលកំពុងត្រូវការទឹក ទទួលបានទឹកជាបន្តបន្ទាប់ រហូតមក​ដល់ថ្ងៃនេះ គឺពុំមានការខូចខាតនោះទេ ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំ និងផ្តល់អនុសាសន៍​ដល់​ប្រជាកសិករសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ សហការចែកចាយគ្នាឱ្យបានល្អ ជា​ពិសេស​ចំពោះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានសូមបន្តការតាមដាន និងសម្រប​សម្រួលស្នើសុំទឹកបន្តនៅពេលខាងមុខ។

មុននឹងបញ្ចប់កម្មវិធីចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដល់ប្រជាកសិករ អាជ្ញាធរភូមិ ឃុំ ស្រុក ឱ្យបានជ្រាប ដើម្បីជួយជំរុញ​ប្រជា​កសិករ​​​ក្នុងមូលដ្ឋានឱ្យបានយល់ នឹងចូលរួមចងក្រងបង្កើតជាសហគមន៍កសិកម្ម​ទំនើបនេះឡើងនាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានោះដែរ ប្រជាកសិករបង្ហាញ​ការសប្បាយចិត្ត ដោយចាប់អារម្មណ៍សន្យានឹងរៀបចំខ្លួន ចូលរួមជាមួយនឹង​គម្រោង​បង្កើត​សហគមន៍កសិកម្មទំនើបនៅតំបន់របស់ពួកគាត់៕