ស្វាយរៀង៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥ ថា ឯកឧត្តម បានជួបជាមួយបងប្អូនប្រជាកសិករមកពីឃុំចំនួន៣នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា បងប្អូនកសិករទាំងនេះបានស្នើសុំឱ្យក្រុមការងារចុះមកពន្យល់ឱ្យបានច្បាស់ពីនីតិវិធី អត្ថប្រយោជន៍ និងការបែងចែកភាគលាភនៃសហគមន៍កសិកម្មទំនើប មុននឹងធ្វើការសម្រេចចិត្តជាចុងក្រោយថានឹងរួមគ្នាបង្កើតជាសហគមន៍ដែរឬទេ។ កសិករទាំងបីឃុំមានផ្ទៃដីស្រែប្រាំងជិត ១ ០០០ ហិកតា និងចាប់អារម្មណ៍ចង់ស្នើសុំឱ្យជួយបង្កើតជាសហគមន៍កសិកម្មទំនើបជូនពួកគាត់ ។
ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថា យើងនឹងមានសហគមន៍កសិកម្មទំនើបមួយទៀតនៅក្នុង ខេត្តស្វាយរៀង ក្នុងពេលឆាប់ៗខាងមុខនេះ៕