ភ្នំពេញ៖ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការជំរុញការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីថ្មីចំនួន ៣៦គម្រោងដែលភាគច្រើនជាប្រភពថាមពលស្អាត និងកកើតឡើងវិញ ក្នុងនោះមានគម្រោង ចំនួន១៣ មានអានុភាពសរុប ១ ២៧៥មេហ្កាវ៉ាត់កំពុងសាងសង់ និង២៣គម្រោងទៀតមានអានុភាពសរុប ៥ ៩៥០មេហ្កាវ៉ាត់ បានទទួលការអនុម័តឱ្យធ្វើការអភិវឌ្ឍក្នុងគោលដៅបង្កើនលទ្ធភាពពង្រីកអានុភាពប្រភពថាមពលកកើតឡើងវិញនៅកម្ពុជាឱ្យបានយ៉ាងតិច៧០ភាគរយ នៅក្នុងល្បាយនៃប្រភពអគ្គិសនីនាឆ្នាំ២០៣០ ។
ក្នុងពិធីបិទសន្និបាតរបស់អាជ្ញាធរអគ្គិសនីកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារស៊ូហ្វីតែលភ្នំពេញភូគីត្រាឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល កំពុងតែជំរុញការងារលើប្រសិទ្ធភាពថាមពល ការងារបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ការអនុញ្ញាតឱ្យដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូល និងការដាក់ចេញនូវយន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញផងដែរ។
នៅត្រឹមខែតុលាឆ្នាំ២០២៤ អគ្គិសនីកម្ពុជា ដែលជាសហគ្រាសអគ្គិសនីរដ្ឋ មានបុគ្គលិកសរុបចំនួន ៦ ២៣១នាក់ ក្នុងនោះមានបុគ្គលិកជាស្រីចំនួន១១២៣នាក់ ។ដោយឡែកអ្នកកាន់អាជ្ញាបណ្ណផ្ដល់សេវាកម្មផ្នែកអគ្គិសនីឯកជនដែលមានចំនួន ៤៧៩សហគ្រាស មានបុគ្គលិកសរុបចំនួន ៩ ៧២៦នាក់ ។ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រសួងបានចាប់ផ្ដើមធ្វើការបញ្ជ្រាបយេនឌ័រចូលទៅក្នុងការងារររបស់វិស័យថាមពល ដោយចាប់ផ្ដើមពីគម្រោងថាមពលពន្លឺព្រះអាទិត្យ ដាក់លក្ខខណ្ឌឱ្យអ្នកអនុវត្តគម្រោងផ្ដល់ការងារដល់បុគ្គលិក កម្មករជាស្ត្រីឱ្យបានយ៉ាងតិច៦០ភាគរយនៃកម្លាំងពលកម្មសរុបនៅក្នុងដំណាក់កាលសាងសង់គម្រោង និងនៅពេលដាក់ឱ្យដំណើរការអាជីវកម្មត្រូវផ្ដល់ការងារដល់បុគ្គលិក កម្មករ ដែលជាស្ត្រីយ៉ាងតិច ៥០ភាគរយ ដោយក្នុងនោះត្រូវមានអនុប្រធានគ្រប់គ្រងការងារប្រតិបត្តិការ និងថែទាំគម្រោង ដែលជាស្ត្រីជនជាតិខ្មែរយ៉ាងតិចចំនួន១រូប ។
គិតត្រឹមចុងឆ្នាំ២០២៤ ប្រភពអគ្គិសនី ដែលបានអភិវឌ្ឍបានកើនឡើងដល់ ៥០៤៤មេហ្កាវ៉ាត់ និងបណ្ដាញបញ្ជុនដែលបានអភិវឌ្ឍកើនដល់ ៣ ៨៩០គីឡូម៉ែត្រ និងអនុស្ថានីយ៍ដែលបានអភិវឌ្ឍបានកើនដល់ ៧០កន្លែង ។នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមរដ្ឋមន្រ្តី។
ចំណែកឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា នៅចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្ដប់លើភូមិចំនួន ៩៩,១៥ភាគរយ កើនឡើង ០,២៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលគិតត្រឹមចុងឆ្នាំ ២០២៤ ភូមិមិនទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន១២០ភូមិ ។ តាមគម្រោងផែនការ ក្នុងរយៈពេល២ទៅ ៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជាទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិបាន ៥១ភូមិទៀត ។ដូច្នេះ នៅសល់ភូមិចំនួន៦៩ត្រូវជា ០,៤៩ភាគរយដែលអាចពុំមានការផ្គង់ផ្គង់ពីបណ្ដាញជាតិ ។
ឯកឧត្តមបានបញ្ជាក់ថា ភូមិដែលនៅសល់សល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជាភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្ដែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ តំបន់តាំងទីលំនៅឋាថ្មីជាដើម ដែលត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្ដាញជាតិទៅកាន់ទីនោះ ៕