ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង និយ័តករធានារ៉ាប់រងកម្ពុជា និងនាយកដ្ឋាន ត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និង ធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុ ប្រទេសឡាវ ក្រោមវត្តមានឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងឯកឧត្ដម Phaitoun Thienglamay អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ (SOEI)។ពិធីនេះ ធ្វើឡើងនាថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស.២0២៥ ។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និង ស្ថិរភាពនៃទីផ្សារធានារ៉ាប់រងទាំងក្នុងប្រទេសឡាវ និងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌ៖
១.គាំទ្រទៅវិញទៅមកតាមរយៈការផ្តល់ជំនួយលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការរៀបចំច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់គ្រប់គ្រងវិស័យធានារ៉ាប់រង រួមទាំងបទពិសោធន៍ក្នុងការបង្កើត ក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងស្រុកផងដែរ
២.សហការផ្លាស់ប្តូរព័ត៌មានសម្រាប់រៀបចំបទប្បញ្ញត្តិក្នុងការគ្រប់គ្រង និងដាក់ចេញផលិតផលធានារ៉ាប់រង រួមមាន៖ ផលិតផលធានារ៉ាប់រងខ្នាតតូច, ផលិតផលដែលលក់តាមបែបឌីជីថល និងផលិតផលធានារ៉ាប់រងថ្មីៗ
៣.សហការផ្តល់ជំនួយ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តបរិស្ថានសាកល្បង (Sandbox)
៤.ចែករំលែកបទពិសោធន៍ក្នុងយន្តការនៃការប្រឆាំងការសម្អាតប្រាក់ និងការអនុវត្តការត្រួតពិនិត្យធានារ៉ាប់រង
៥.សហការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ។
តាមរយៈអនុស្សរណៈនេះ កម្ពុជា-ទ្បាវ នឹងគាំទ្រគ្នាទៅវិញទៅមកតាមរយៈការផ្តល់ជំនួយលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់គ្រប់គ្រងវិស័យធានារ៉ាប់រង រួមទាំងបទពិសោធន៍ក្នុងការបង្កើត ក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងស្រុកផងដែរ។
ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា “ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៃនិយតករធានារ៉ាប់រងពីរនៅក្នុងតំបន់”។
ឯកឧត្ដម ប៊ូ ច័ន្ទភីរូ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់និយតករទាំងពីរ ហើយលោកទន្ទឹងរង់ចាំភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលអាចបម្រើសហគមន៍នៃប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាព។
ជាមួយនេះ ភាគីកម្ពុជា-ទ្បាវ នឹងសហការផ្លាស់ប្តូរព័ត៌មានសម្រាប់រៀបចំបទប្បញ្ញត្តិក្នុងការគ្រប់គ្រង និងដាក់ចេញផលិតផលធានារ៉ាប់រង រួមមាន៖ ផលិតផលធានារ៉ាប់រងខ្នាតតូច, ផលិតផលដែលលក់តាមបែបឌីជីថល និងផលិតផលធានារ៉ាប់រងថ្មីៗ។ ក្រៅពីនេះទៀត ភាគីទាំងពីរនឹងសហការផ្តល់ជំនួយ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តបរិស្ថានសាកល្បង (Sandbox), ចែករំលែកបទពិសោធន៍ក្នុងយន្តការនៃការប្រឆាំងការសម្អាតប្រាក់ និងការអនុវត្តការត្រួតពិនិត្យធានារ៉ាប់រង និងសហការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ៕