កោះកុង៖ ធ្នឹមស្ពានទម្រង់អក្សរតេ (T-beam) ត្រូវបានដំឡើងជាបន្តបន្ទាប់ ដើម្បីភ្ជាប់តួស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នាពេលបច្ចុប្បន្ន។
ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់បាន ៩៣%ហើយ ដែលមានន័យថាស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ។
ស្ពាននេះមានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ កាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។
សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង៕