ប្រភពរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC)ដែលបញ្ចេញឱ្យដឹងកាលពីពេលថ្មីៗនេះថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ សមតុល្យឥណទានអ្នកប្រើប្រាស់សរុបដែលបានដំណើរការសម្រាប់គោលបំណងអាជីវកម្មខ្នាតតូចក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៣៥,១៤ ប៊ីលានដុល្លារ នឹងបន្តនិន្នាការកើនឡើងថែមទៀត។
របាយការណ៍ដដែលបន្តថា ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការថយចុះ។ រីឯសមតុល្យឥណទាននៃពាក្យស្នើសុំវិញមានការកើនឡើងផងដែរក្នុងត្រីមាសទី៤បើប្រៀបធៀបនឹងត្រីមាសមុន។ ចំណែកគុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានភាពប្រសើរជាងត្រីមាសមុនដោយមានការធ្លាក់ចុះបន្តិចបន្តួច និងអនុបាតបានកើនឡើងនៅគ្រប់តំបន់។
ការិយាល័យឥណទានកម្ពុជាបានបង្ហាញនូវការកត់សម្គាល់ថា ការដាក់ពាក្យស្នើសុំឥណទានអាជីវកម្មខ្នាតតូចបានធ្លាក់ចុះ ១៣,២ ភាគរយនៅក្នុងត្រីមាសទី៤ ជាមួយនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ខ្លាំងនៅក្នុងវិស័យកសិកម្ម (២៤,៨ ភាគរយ)។
នៅចុងត្រីមាសទី៤ ចំនួនសរុបនៃគណនីឥណទានអាជីវកម្មខ្នាតតូចបានថយចុះនៅត្រឹម ១,១ ភាគរយធៀបនឹងត្រីមាសមុន ដែលឈានដល់ ១,៨៣ លាន។ ឥណទានដើមទុនធ្វើការមានចំនួន ៥២,៨ ភាគរយនៃគណនីទាំងនេះ ខណៈដែលឥណទានកសិកម្មមានចំនួន ៣០,៨ ភាគរយ។
សមតុល្យឥណទានសម្រាប់អ្នកប្រើប្រាស់បានបន្តកើនឡើង ដោយកើនឡើង ១,៣% គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។ នៅចុងត្រីមាសនេះ មានសមតុល្យឥណទានសម្រាប់អ្នកប្រើប្រាស់ដែលកំពុងដំណើរការសរុបចំនួន ៣៥,១៤ ប៊ីលានដុល្លារ។នេះបើតាមរបាយការណ៍ដដែលបញ្ជាក់។
ដោយឡែក ពាក់ព័ន្ធនឹងឥរិយាបថអតិថិជន ៦៥ភាគរយនៃអតិថិជនមានគណនីឥណទានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុតែមួយគត់ ខណៈគណនីឥណទានមានទំនាក់ទំនងជាមួយគ្រឹះស្ថានជាច្រើនមានប្រមាណ ៣៥ភាគរយ ។ អតិថិជនភាគច្រើន (៤៩,៤ភាគរយ) មានគណនីឥណទានតែ១ ខណៈដែល ៣២,៧ ភាគរយ មានគណនី២ ហើយ ១៣,១ ភាគរយ កាន់គណនី៣ និងមានតែ ៤,៨ ភាគរយប៉ុណ្ណោះ ដែលមានគណនីឥណទានច្រើនជាង៣ ។
សូមជម្រាបថា ការិយាល័យឥណទានកម្ពុជា ឬ Credit Bureau Cambodia (CBC)គឺជាស្ថានប័នមួយដែលផ្ដល់នូវសេវាកម្មព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យនិងរបាយការណ៍ឥណទានដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។ CBC បានផ្ទុកព័ត៌មានឥណទានទាំងអស់ដែលស្ថាប័នហិរញ្ញវត្ថុជាដៃគូរបានផ្ដល់ជូន រួមមានទំហំឥណទាន សមតុល្យឥណទាន ចំនួនបង់សងនិងប្រវត្តិនៃការបង់ជាដើមរបស់អតិថិជនម្នាក់ៗដែលស្ថាប័នហិរញ្ញវត្ថុនីមួយៗមាន៕