គ្រឹះស្ថានអង្គររកចំណូលបានជិត៧លានដុល្លារ ពីការលក់បណ្ណចូល​ទស្សនារមណីយដ្ឋានអង្គរ

0

សៀមរាប៖ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពី​ការលក់​បណ្ណចូលទស្សនារមណីយ​ដ្ឋានអង្គរ​ក្នុង​ខែមករា ឆ្នាំ២០២៥ កន្លងទៅ ។តាមរយៈ​ការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ​ចូលទស្សនា​រមណីយ​ដ្ឋានអង្គរដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះ​គ្រឹះស្ថានអង្គរ​រំពឹងថា នឹងទទួលបាន​កំណើនទេសចរ និងចំណូល​កើនឡើង។

គ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងខែមករាមានទេសចរបរទេសទិញបណ្ណ​ចូល​អង្គរ​ចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩​ភាគរយ ធៀបរយៈ​ពេលដូចគ្នា​ឆ្នាំ​២០២៣​ និងរកចំណូលបានចំនួន ៦ ៩០៣ ៣៨០ ដុល្លារកើន២៥,៥៦​ភាគរយ ធៀប​នឹងខែមករា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវ​ទេសចរ​បរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួល​បានចំណូល​ពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរចំនួន ១៧ ៥៤០ ដុល្លារ​ពីទេសចរ​បរទេស ​៦៨៩នាក់។

ដោយឡែក ការលក់សំបុត្រទូកនាខែមករា​ ទទួលបានចំណូលចំនួន១២០ ​៧១៧ដុល្លារ ។​រីឯចំណូលពីការ​លក់សំបុត្រ​ភ្នំ​ក្បាលស្ពានចំនួន៦៤០ដុល្លារពី​ទេសចរ១២៨នាក់។

ក្នុងខែមករានេះដែរ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផារយៈមានចំនួន ២៩២ ២៨០ ដុល្លារ។

កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះដែរ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជា​ផ្លូវការនូវការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ​ចូល​​ទស្សនា​រមណីយដ្ឋានអង្គរ។តាមរយៈទម្រង់ថ្មីនេះ ជាវិធីសាស្រ្តងាយស្រួលសម្រាប់ភ្ញៀវ​ទេសចរបរទេស​ ក្នុងការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់​គ្រឹះស្ថាន​អង្គរ តាមរយៈប្រព័ន្ធកម្មវិធីទូរស័ព្ទដៃ AE Mobile និងគេហទំព័រ Angkor Enterprise® ។

មានការរំពឹងថា តាមរយៈការកែទម្រង់ប្រព័ន្ធ​លក់សំបុត្រនេះ រមណីយដ្ឋាន​អង្គរនឹងទទួលបានកំណើនទេសចរនិងចំណូលបន្ថែមទៀត។

គួររំលឹកថា ឆ្នាំ២០២៤កន្លងទៅ គ្រឹះស្ថានអង្គរលក់បណ្ណជូនភ្ញៀវទេសចរ​បរទេស​ចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និង​ប្រាក់​ចំណូលចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ។តួលេខនេះបង្ហាញថា ភ្ញៀវ​ទេសចរ​បរទេស​ទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,២៧ ភាគរយ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លង​ទៅ ខណៈចំណូលដែល​ទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ២៨,៥៧ភាគរយ ៕