ឃាត់ខ្លួនក្រុមមុខសញ្ញាកាប់អ្នកដឹកម្ហូបប្លន់យកម៉ូតូ

0

បន្ទាយ​មាន​ជ័យ​៖ ជនសង្ស័យ​០៩​នាក់ ជា​មុខសញ្ញា​ក្មេង​ទំនើង និង​ជា​ក្រុម​វាយ​កាប់​ចាក់​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​ពេល​រាត្រី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​នគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ឃាត់ខ្លួន​យក​មក​សួរនាំ​ជា​បន្តបន្ទាប់​។
ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ កម្លាំង​នគរបាល​បាល​ជំនាញ និង​កម្លាំង​ធិ​ការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៩​នាក់ មាន​១​នាក់​-​ជនសង្ស័យ​ឈ្មោះ​វ៉ា​ន់ សុធី ហៅ ហួរ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​នៅ​ម៉ោង ២​ជាង​ទាប​ភ្លឺ​ចូល​ថ្ងៃ​ទី ២៥​ខែមករា​ឆ្នាំ ២០២៥ នៅ​មុខ​ហាង​ប្តូរ​ប្រាក់​យីហោ សុធា​រ៉ា​។
លុះ​រំលង​អ​ធ្រា​តុ​វេលា​ម៉ោង​០០​និង​២០​នាទី ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥ កម្លាំង​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បក្ខពួក​ចំនួន​៨​នាក់​ទៀត​ដែល​ជា​បក្ខពួក អង្គុយ​ផឹកទឹក​កា​ធុម​ជាមួយ​ជន​ដៃដល់ នៅ​ចំនុច​ដំណក់ទឹក ស្ថិត​ក្នុងភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ យក​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ​។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ សុធី ហៅ ហួរ ពិតជា​បាន​ប្រព្រឹត្ត​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​យក​ម៉ូតូ​)​ពិតប្រាកដ​មែន ចំណែក​បក្ខពួក​សេសសល់​ដែល​បាន​កំពុង​រត់គេច​ខ្លួន​កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​។ ចំពោះ​ជនសង្ស័យ​០៨​នាក់​ផ្សេង​ទៀត​មិន​បាន​ចូលរួម​ប្លន់​ទេ តែ​ក្រោយ​ពិនិត្យ​ទឹកនោម​រក​ឃើញ​ថា ពួក​គេ​មាន​សារធាតុ​ញៀន​។
បច្ចុប្បន្ន​ក្រោយ​សួ​នាំ ជនសង្ស័យ​ទាំង​០៩​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕