ខេត្តបាត់ដំបង មានផ្ទៃដីស្រូវប្រាំងចំនួន៩០២១១ហិកតា ស្មើនឹង ៣៣៤% នៃផែនការចំនួន២៧០០០ហិកតា

0

បាត់ដំបង៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីបច្ចេកទេស. គ.ជ.គ.ម.រួមដំណើរដោយអាជ្ញាធរខេត្តបាត់ដំបង រួមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករចំនួនប្រមាណជាង១ពាន់ហិកតា ស្ថិតក្នុងឃុំហប់ នៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តាមរបាយការណ៏របស់អាជ្ញាធរខេត្តបាត់ដំបង បានអោយដឹងថា ផ្ទៃដីកសិកម្ម ក្នុងនោះមានផ្ទៃដីស្រូវប្រាំងចំនួន៩០២១១ហិកតា ស្មើនឹង ៣៣៤% នៃផែនការចំនួន២៧០០០ហិកតា ។ ក្នុងនោះដីស្រែរងផលប៉ះពាល់ មាន៨៩៣៣ហិកតា ដោយសង្រ្គោះបាន ១៩៩០ហិកតា និងខូចខាត ៣៩៩៥ហិកតា។

គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ដែលបានចុះពិនិត្យលើការងារផលប៉ះពាល់ទៅនឹងគ្រោះមហន្តរាយរាំងស្ងួតតាមបណ្តាលខេត្តជុំវិញបឹងទន្លេសាប និងខេត្តតាមដងទន្លេមេគង្គ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានមានប្រសាសន៏លើកឡើងថា ព្រះរាជាណាចក្រកម្ពុជា បានរងគ្រោះដោយសារមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិរួមមាន ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺរាតត្បាត ។ល។

ក្នុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ លើការងារឆ្លើយតបនៃផលប៉ះពាលនៃគ្រោះមន្តរាយនារដូវប្រាំងនេះ ក្នុងការពិនិត្យ សម្របសម្រួលនិងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពមួយចំនួនដែលអាចខូចខាតដំណាំស្រូវរបស់កសិករ ។

ខណៈដែលមន្ទីពាក់ព័ន្ទ មានវិធានការជួយសង្គ្រោះស្រូវលើផ្ទៃដីស្រែ ជាក់ស្តែងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ បានពិនិត្យឃើញថាដំណាំស្រូវក្នុងឃុំហប់នេះ មិនអាចសង្គ្រោះបានឡើយ ដោយសារមិនមានប្រព័ន្ធធារាសាស្រ្តណាមួយដែលអាចជួយអន្តរាគមន៍ទឹកនោះទេ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងលើកសំណើទៅក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំជួសជុល ស្តារប្រព័ន្ធធារាសាស្រ្ត ដើម្បីបញ្ជូនទៅដំណាំស្រូវឡើងវិញ៕