Home សង្គម គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃចាប់ទទួលពាក្យស្នើសុំដីរបស់ប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៥

គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃចាប់ទទួលពាក្យស្នើសុំដីរបស់ប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៥

0

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៩មករាឆ្នាំ២០២៥ ដោយបានប្រកាសអោយប្រជាពលរដ្ឋស្នើសុំដីប្រើប្រាស់ត្រូវធ្វើលិខិតស្វ័យប្រកាសដាក់ពាក្យ នៅរដ្ឋបាលឃុំ/សង្កាត់ដែលរស់នៅអចិន្ត្រៃយ៍។ បន្ទាប់មករដ្ឋបាល ឃុំ/សង្កាត់ រៀបចំក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំលក្ខណៈវិនិច្ឆ័យនិងមូលដ្ឋានពិន្ទុ ដើម្បីឆ្លុះបញ្ចាំងភាព សមស្របក្នុងការជ្រើសរើសបុគ្គលមានសិទ្ធិទទួលដី។

ការប្រកាសផ្តល់ដីនេះ បានធ្វើឡើងបន្ទាប់ពី “ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”ហៅកាត់ថា គណៈកម្មាធិការជាតិផ.ក.អ. បានបង្កើតឡើងដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី៦វិច្ចិកាឆ្នាំ២០២៤ ដែលមានសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត ជាប្រធានហើយរៀបចំឡើងក្នុងគោល បំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃ ការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋាននិងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

ការប្រកាសអោយប្រជាពលរដ្ឋខ្វះដីដាក់ពាក្យស្នើសុំដីប្រើប្រាស់នេះទៀត បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិ ផ.ក.អ. បានរៀបបណ្តុះបណ្តាលរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធចំនួន២៥រាជធានី -ខេត្តនិងបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យកម្មវិធីរួចរាល់សម្រាប់ការបែងចែកដីជំហានដំបូង គ្រោងនឹងអនុវត្តចំនួន៥០០គ្រួសារនៅទីតាំងដីនៅចំណុចអូរសែវ ភូមិហាងសាវ៉ាត ឃុំសាមមួយ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។

សូមរំលឹកថា សម្តេចបវរធិបតីកាលពីថ្ងៃទី២៧មករា២០២៥ បានបញ្ជាក់ថា កម្មវិធី“ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”នេះ មិនត្រឹមតែបង្កើនថាមពលក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការការពារ និងអភិរក្សព្រៃឈើ ដែលតាមរយៈកម្មវិធីនេះប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដនឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការជួយរៀបចំជាភូមិករជូន ហើយអ្នកដែលទៅរស់ នៅនៅទីនោះអាចចងក្រងជាសហគមន៍ដើម្បីជួយ ការពារដី និង ព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅថែមទៀតផង។

យោងតាមគណៈកម្មាធិការជាតិផ.ក.អ.បានអោយដឹងអំពីដំណាក់កាលសំខាន់ៗនៃកម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋដែលខ្វះដីនេះ ដោយឆ្លងកាត់ដំណាក់កាលរៀបចំផ្តល់ព័ត៌មាន ពីកម្មវិធី ការធ្វើលិខិតស្វ័យប្រកាស ការដាក់និងទទួលពាក្យ លក្ខណៈសម្បត្តិនិងកាតព្វកិច្ច អ្នកស្នើសុំដី ក្រុមការងារចំពោះកិច្ច ក្នុងការឆ្លុះបញ្ចាំងអ្នកស្នើសុំដី និងរបៀបរបបការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។

បន្ទាប់មកជាដំណាក់កាលបច្ចេកទេស ផ្តោតលើកិច្ចការរៀបចំដីធ្លីនិងរើសបុគ្គលមានសិទ្ធិទទួលដី។ ចំពោះការងារដីធ្លី ផ្តោតលើការចុះបញ្ជីដីរដ្ឋ ការរៀបចំផែនការប្រើប្រាស់ដី ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបែង ចែកដីឡូតិ៍លម្អិត ការឈូសឆាយទីតាំង បោះបង្គោលព្រំទីតាំង និងដីឡូតិ៍។

ចំពោះដំណាក់កាលពិនិត្យភាពសមស្រប (រយៈពេល៧២ថ្ងៃ) ក្រុមការងារចំពោះកិច្ចឆ្លុះបញ្ចាំងភាពសមស្របផ្អែកលើ លក្ខណៈវិនិច្ឆ័យនិងតារាងពិន្ទុដែលបានរួមគ្នារៀបចំរួច រៀបបញ្ជីតាមលំដាប់អាទិភាពនៃកម្រិតក្រីក្រ កំណត់ហេតុ និងរបាយការណ៍ រួចបញ្ជូនឯកសារទាំងនោះតាមរយៈ ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត មកលេខាធិការដ្ឋាន បូកសរុបរៀបចំកំណត់ហេតុនិងរបាយការណ៍លើបញ្ជីឈ្មោះបុគ្គលមានសិទ្ធិទទួលដី គោរពជូនគណៈកម្មាធិការ ជាតិពិនិត្យនិងសម្រេច។

សម្រាប់ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព គឺទី ១ ចំពោះបុគ្គលមានសិទ្ធិទទួលដីនិងបុគ្គលអាចមានសិទ្ធិទទួលដីបន្ទាប់ ។ទី២ លើផែនការប្រើប្រាស់ដី ។ ទី ៣ លើផែនការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ទី៤ លើផែនការបែងចែកដីឡូតិ៍លម្អិត ដោយគណៈកម្មាធិការជាតិ។

ហើយដំណាក់កាលចុងក្រោយគឺ ការផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍន៍ ក្រោយមានការសម្រេចរបស់គណៈកម្មាធិការជាតិរួច លេខាធិការដ្ឋាន ជូនដំណឹងដល់បុគ្គលមានសិទ្ធិទទួលដីដើម្បីមកចាប់ឆ្នោតយកដី ហើយចុះកិច្ចសន្យា ព្រមទាំងបញ្ចូល ព័ត៌មានទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថល។

គណៈកម្មាធិការជាតិផ.ក.អ. បានអោយដឹងទៀតថា ក្រោយពេលប្រគល់ដីហើយ យើងត្រូវរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយរៀបចំអភិវឌ្ឍ សហគមន៍ឱ្យមាននិរន្តរភាព ដោយទី១ ត្រូវមានយន្តការគ្រប់គ្រង ថែទាំ គាំពារ តម្រង់ទិសជាប្រចាំ ។ ទី២ ត្រូវលើកកម្ពស់ សុខភាពអនាម័យ ហូបស្អាត ផឹកស្អាត ហាត់ប្រាណ សម្រាក សម្រាន្តទៀងទាត់ គ្រប់គ្រាន់ ។ ទី ៣ ត្រូវលើកកម្ពស់ សមត្ថភាពគំនិតដោយបណ្តុះបណ្តាល និងប្រតិបត្តិ ផ្លាស់ប្តូរផ្នត់គំនិតពីអវិជ្ជមានទៅវិជ្ជមាន សន្សំសំចៃ ឧស្សាហ៍ព្យាយាម ជឿជាក់លើខ្លួនឯង ចេះជួយ ខ្លួនឯង និងជួយ អ្នកដ៏ទៃ មានគំនិត សហគមន៍ មានភាពជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ជាធុរជន… និងទី៥ ត្រូវ លើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើន នូវសមត្ថភាពជំនាញតាមស្ថានភាពតម្រូវ លើកកម្ពស់ការបង្កបង្កើនផល ចូលរួមជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុង ភាពជាដៃគូរជាមួយវិស័យឯកជនដោយពឹងកម្លាំងគ្នា ចែករំលែកទីផ្សារ បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដោយគោរពគ្នាទៅវិញទៅមកនិងទទួលផល ប្រយោជន៍ពីការការពារនិងដាំព្រៃឡើងវិញទៀតផង៕

Previous articleការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរ អនុញ្ញាតឱ្យគ្រឹះស្ថានអង្គរ អាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍ទំនើបមកជំនួសវិញ
Next articleរាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ