ការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរ អនុញ្ញាតឱ្យគ្រឹះស្ថានអង្គរ អាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍ទំនើបមកជំនួសវិញ

0

ភ្នំពេញ៖ ឯកឧត្ដម ឈន សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរ បានអនុញ្ញាតឱ្យគ្រឹះស្ថាន អង្គរ អាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍ទំនើបមកជំនួសវិញ ដែលអាចធ្វើឱ្យការត្រួតពិនិត្យបានគ្រប់ប្រាសាទទាំងអស់ ទោះបីជាសេវាអ៊ីនធឺណិត នៅមានកម្រិតក៏ដោយ និង បានលុបបំបាត់នូវទីតាំងត្រួតពិនិត្យសំបុត្រដែលជាន់គ្នា ដើម្បីសម្រួល និង កាត់បន្ថយផលរំខាន ដល់ភ្ញៀវទេសចរអន្តរជាតិ។

ក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និង ការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ»នាព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា គ.ស. ២០២៥នេះ ឯកឧត្ដម ឈន សុភាព បានឱ្យដឹងទៀតថា ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ, គ្រឹះស្ថានអង្គរ ក៏បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួន ពីប្រព័ន្ធលក់សំបុត្រ និង បានអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យ- ប្រវត្តិ (Self-Service Machine) ដែលត្រូវបានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖

ឮទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ ចំនួន ៦ គ្រឿង; ទី២-នៅប៉ាវីអង្គរ ចំនួន ៦ គ្រឿង; និង ទី៣-នៅផ្សារទំនើបដឺហេរីថេកវ័ក ចំនួន ៣ គ្រឿង; សរុបទាំងអស់មានចំនួន ១៥ គ្រឿង ។ បន្ថែមលើនេះ, ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករ ទេសចរទាំងអស់បន្ថែមទៀត, គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រ អនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយ- ដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និង បានបង្កើត ម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរ អន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ស្រប តាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។

ជាមួយនឹងវឌ្ឍនភាពបច្ចុប្បន្ននៃការងារកែទម្រង់ របស់គ្រឹះស្ថានអង្គរ, ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរទាំងអស់ អាចទិញ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមបួនរបៀប រួមមាន៖ ទី ១-តាមអនឡាញ; ទី ២-តាមម៉ូបាលអេប; ទី ៣-តាមម៉ាស៊ីនស្វ័យប្រវត្តិ; និង ទី ៤-តាមបញ្ជារលក់សំបុត្រ។ ការណ៍នេះបានផ្តល់ភាពកាន់តែងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជា គ្រប់ប្រតិបត្តិករទេសចរទាំងអស់ផងដែរ៕