សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើក- ស្ទួយវប្បធម៌ជាតិ។
ឯកឧត្ដម ឈន សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និង ការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ»នាព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស. ២០២៥ថា ទេសចរណ៍ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្ម ទេសចរណ៍ក្នុងអំឡុង និង ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដើម្បីទាញប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្ត នូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» នៅឆ្នាំ ២០២១ ។ លើមូលដ្ឋាននេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក៏បាន ប្រកាសដាក់ឱ្យអនុវត្ត នូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១», ដោយក្នុងនោះ «បច្ចេកវិទ្យា», ជាពិសេស បច្ចេកវិទ្យាឌីជីថល, ត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយ ទៀត, បន្ថែមពីលើអាទិភាពគន្លឹះទាំង ៤ នៃ យុទ្ធសាស្ត្រចតុកោណ ពោលគឺ៖ មនុស្ស, ផ្លូវ, ទឹក និង ភ្លើង។
រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ជាអាណាព្យាបាលហិរញ្ញវត្ថុ, និង ក្រសួងទេសចរណ៍, ជាអាណាព្យាបាលបច្ចេកទេស ។ អង្គភាពនេះអាចចាត់ទុកជាស្ថាប័នប្រមូលចំណូលមិនមែនសារពើរពន្ធថ្មីមួយរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីការបង្កើតគ្រឹះស្ថានអង្គរភ្លាម,ឯកឧត្ដម ឈន សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំ ឱ្យរៀបចំអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ សម្រាប់គ្រប់គ្រងប្រតិបត្តិការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានដាក់ឱ្យដំណើរការលើកដំបូង នៅចុងឆ្នាំ ២០១៦ សំដៅកែលម្អសេវាលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរ ឡើង សម្រាប់ទេសចរអន្តរជាតិ និង គ្រប់គ្រងការប្រមូលចំណូល ឱ្យកាន់តែមានភាពងាយស្រួល, មានតម្លាភាព និង មានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដម ឈន សុភាព រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា តាមរយៈ ប្រព័ន្ធលក់សំបុត្រ និង ការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះ, គ្រឹះស្ថានអង្គរ អាចគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានកាន់តែរលូនល្អ ហើយ បានអនុញ្ញាតឱ្យទេសចរ អាចទូទាត់ការបង់ប្រាក់ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាមួយនឹង បណ្ណឥណទាន (Credit Card) ឬ បណ្ណឥណពន្ធ (Debit Card) នៅឆ្នាំ ២០១៧ ដែល កាលពីមុននេះ ការទូទាត់ប្រាក់ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្រដាសប្រាក់ទាំងស្រុង។ ដើម្បីគ្រប់គ្រងទិន្នន័យបានច្បាស់លាស់, ធានាបាននូវតម្លាភាព និង គណនេយ្យភាព, គ្រឹះស្ថានអង្គរក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្ររបស់ខ្លួនឱ្យកាន់តែទំនើប ដែលអាចផ្តល់តួលេខលក់សំបុត្របានភ្លាមៗ (Real time) ជាសាធារណៈ នៅលើគេហទំព័រ របស់ខ្លួន និង ត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ ២០១៨ មក ។ ដោយមើលឃើញពី តម្រូវការបន្ថែមរបស់ភ្ញៀវទេសចរ និង ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ជូនដល់ភ្ញៀវ ទេសចរ ក្នុងការទិញសំបុត្របានគ្រប់ពេល និង គ្រប់ទីកន្លែង ដោយពុំចាំបាច់មកតម្រង់ជួរ នៅតាមបញ្ជារលក់សំបុត្រផ្ទាល់, គ្រឹះស្ថានអង្គរក៏បានដាក់ឱ្យដំណើរការ នូវការលក់សំបុត្រ តាមអនឡាញ ជាទម្រង់ Web Portal នៅលើគេហទំព័ររបស់ខ្លួន ចាប់តាំងពី ឆ្នាំ២០១៩មក៕