កម្ពុជា សហការជាមួយក្រុមហ៊ុន អាលីបាបា ដើម្បីជម្រុញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារឌីជីថល

0

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បានធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួន ២ រួមមាន៖ (១). ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល៖ ការតភ្ជាប់នេះនឹងបង្កើតជាឱកាសធុរកិច្ចធំធេងសម្រាប់អាជីវករកម្ពុជា ផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលមានចំណាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្មខ្លួន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការចូលទៅកាន់ ទីផ្សារថ្មីៗ។

និង (២). ការបង្កើនអានុភាពជូនដល់អាជីវករ និងផលិតករកម្ពុជា៖ គោលគំនិតស្នូលនេះ នឹងអាចបង្កើតនូវបរិយាកាសធុរកិច្ចឌីជីថលថ្មីបន្ថែមទៀត ជំរុញដល់ការចូលរួមប្រកបដោយបរិយាប័ន្ន ការផ្តល់កាលានុវត្តភាព និងការបង្កើនអានុភាពសម្រាប់ធុរជន និងបណ្តាអាជីវកម្មក្នុងស្រុក ជាពិសេសអាជីវករបែបគ្រួសារខ្នាតតូច អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបណ្តាអាជីវកម្មផ្សេងទៀត នឹងមានឱកាសស្មើៗគ្នាក្នុងការតាំងបង្ហាញ ដាក់លក់ផលិតផល និងទេពកោសល្យរបស់ខ្លួនទៅកាន់អតិថិជននៅក្នុងស្រុក និងអភិវឌ្ឍនអាជីវកម្មខ្លួនទៅកាន់ទូទាំងពិភពលោក។

ការថ្លែងរបស់លោកជំទាវ រដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ស្តីពី ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ នារសៀលថ្ងៃទី២៤ ខែមករា ម្សិលមិញនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ក្នុងចក្ខុវិស័យឆ្ពោះទៅមុខ កិច្ចសហប្រតិបត្តិការនេះក៏ផ្តោតលើការកសាងសមត្ថភាពផងដែរ រួមមានការផ្តល់ធនធានគាំទ្រ ការតម្រង់ទិស និងការរៀបចំវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវជំនាញចាំបាច់ក្នុងការប្រើប្រាស់ តួយ៉ាងដូចជាសមត្ថភាពប្រើប្រាស់មុខងារសំខាន់ៗរបស់ថ្នាល សមត្ថភាពទំនាក់ទំនងជាមួយអតិថិជនប្រក​បដោយទំនុកចិត្ត ការធ្វើទីផ្សារនៅក្នុងស្រុកនិងបរទេស ផ្តល់គំនិតក្នុងការរចនានិងវេចខ្ចប់ទំនិញរបស់ខ្លូនអោយកាន់តែទាក់ទាញ និងការសម្រេចចិត្តក្នុងធុរកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីអាចទាញផលប្រយោជន៍បានជាអតិបរមាពីថ្នាលឌីជីថលនេះ។

លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បន្តសហការចែករំលែកចំណេះដឹង បទពិសោធន៍ និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ដោយប្រកាន់ខ្ជាប់នូវសា្មរតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍ និងបង្កើតថ្នាលឌីជីថលនេះ ដោយកំណត់ឱ្យបានជាមុននូវបញ្ហាប្រឈមនិងសំណើដំណោះស្រាយនានា មុននឹងដាក់ឱ្យដំណើរការក្នុងពេលខាងមុខ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ សំដៅអាចធានាបាននូវប្រសិទ្ធភាព ភាពជោគជ័យ និងនិរន្តរភាព៕