ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តកំពត គិតគូរពីប្រភពទឹកផ្គត់ផ្គង់នៅក្នុងខេត្តឱ្យបានគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ

0

កំពត៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត បានណែនាំដល់រដ្ឋបាលខេត្ត គិតគូរពីប្រភពផ្គត់ផ្គង់ទឹកនៅក្នុងខេត្តឱ្យបានគ្រប់គ្រាន់ តម្លៃសមរម្យ បំពេញតម្រូវការក្នុងវិស័យកសិកម្ម ដើម្បីធានាដល់ការដាំដុះបន្លែ ចិញ្ចឹមសត្វ សម្រាប់ចម្អិនម្ហូបអាហារមានឱជារស គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ក្នុងបរិមាណគ្រប់គ្រាន់ស្របតាមតម្រូវការ។

ការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥​ របស់រដ្ឋបាលខេត្តកំពត នាសៀលថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៥ម្សិលមិញនេះ។

ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ក៏បានគូសរំលេចផងដែរថា ចំនុចអាទិភាពដែលរដ្ឋបាលខេត្តគួរផ្តោតជាចាំបាច់នោះ គឺការស្គាល់ពីតម្រូវការជាក់ស្តែង សក្តានុពល និងបញ្ហាប្រឈមរបស់ខេត្តផ្ទាល់ក៏ដូចជាភូមិសាស្ត្រតំបន់ឆ្នេរជារួម។ ជាបឋមគឺការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានប្រសិទ្ធភាព តាមរយៈការបន្ថែមជំនាញពាក់ព័ន្ធនឹងបំណិនជីវិតឱ្យស្របទៅនឹងសភាពការណ៍ និងលក្ខខណ្ឌចាំបាច់របស់ទីផ្សារការងារនៅក្នុងតំបន់នេះ។

ដោយឡែកក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដោយបន្ថែមលើគោលដៅកំសាន្តជាជម្រើសតាមបែបធម្មជាតិ ជាអាទិ៍ ភ្នំ ព្រែក និងឆ្នេរ ដែលមានខ្យល់អាកាសល្អ និងទេសភាពសម្បូរបែបទៅតាមរដូវកាលសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យ រដ្ឋបាលខេត្តគួរបន្តយកចិត្តទុកដាក់លើកស្ទួយជាបេក្ខភាពគោលដៅទាក់ទាញទេសចរថ្មីបែបប្រពៃណី នោះគឺសហគមន៍នេសាទ ដែលមានសក្តានុពលស្រូបទាញយកចំណូលពីភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការវិនិយោគលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមិនទាមទារឱ្យចំណាយច្រើនដូចជា ចំណតរថយន្ត ផ្លូវចូលសហគមន៍ និងបន្ទប់ទឹកមានអនាម័យ៕