ផឹកស្រវឹង ស្រែកឡូឡា ហើយកាន់​កាំបិត​ខ្វែវ​ក្រ​វី​ច្រ​ង៉េ​ង​ច្រ​ង៉ាង​អុកឡុក​ពេញ​ការដ្ឋាន​សំណង់

0

បន្ទាយ​មាន​ជ័យ៖ នៅ​វេលា​ម៉ោង​០០​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ព័ត៌មាន​ពី​សន្តិសុខ​ថា មាន​ករណី​ហិង្សា​កើតឡើង​នៅ​ចំណុច​ការដ្ឋានរ​សាងសង់ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បង្ក​ដោយ​យុវជន​ម្នាក់​ឈ្មោះ ពុំ រ៉ា​យ៉​ត អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ការដ្ឋាន ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​យុវជន​រូប​នោះ​ផឹកស្រា​ស្រវឹង​ហើយ​ស្រែក​ឡូឡា ព្រមទាំង​ធ្វើ​សកម្មភាព​កាន់​កាំបិត​ខ្វែវ​ក្រ​វី​ច្រ​ង៉េ​ង​ច្រ​ង៉ាង​អុកឡុក​ពេញ​ការដ្ឋាន​សំណង់​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​យុវជន​នោះ ព្រមទាំង​ដកហូត​វត្ថុ​តាង​កាំបិត​ផ្គាក់ ប្រវែង​៧០​សង់ទីម៉ែត្រ ចំនួន​១​ដើម និង​កាំបិត​កែ​ច្នៃ ប្រវែង​៦១​សង់ទីម៉ែត្រ ចំនួន​០១​ដើម ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ផឹកស្រា​ស្រវឹង ហើយ​យក​កាំបិត​កាប់​បាវ​ស៊ីម៉ង់ ហើយ​ឡូឡា​ក្នុង​ដារ​ដ្ឋា​ន​សាងសង់​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែមករា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕