ជន​មិន​ស្គាល់​អត្តសញ្ញាណ​រត់​ចូល​ទៅ​ដុត​ខោអាវ​នៅអគារមួយកន្លែង បង្កជាអគ្គីភ័យ

0

ភ្នំពេញ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ដែល​ស្ថិត​ចំណុច​ផ្ទះ​លេខ​A52 ផ្លូវ​ឡា​សែន ភូមិ​១៤ ក្រុម​៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។

ដោយ​ទទួល​បាន​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៦​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើរ​នឹង​០៤​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​មក​ពី​ទីក្រុង​កោះ​ពេជ្រ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើរ​នឹង​០៤​ម៉ែត្រគូប​។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ​ថ្ម ទំហំ (៣​ម៉ែត្រ x ៤​ម៉ែត្រ​) ឆេះ​ខូចខាត​ទ្វា​កញ្ចក់​១, បង្អួច​១ និង​សម្ភារៈ​មួយ​ចំនួន​ក្នុង​បន្ទប់ ហើយ​ពុំ​បាន​ឆេះ​រាលដាល់​ដល់​អ្នក​ក្បែរ​ខាង​ឡេ​ី​យ​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង ៩​និង​៤៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃេ​ី​ញ​ថា គឺ​បណ្តាល​ឲ្យ​មក​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រត់​ចូល​ទៅ​ដុត​ខោអាវ​នៅ​ជាន់​ទី​៤ បង្ករ​ជា​អគ្គិភ័យ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ដែល​ជា​ជន​បង្ក​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ឡើយ​៕