អាជ្ញាធរទន្លេសាប បង្ហាញពីទិដ្ឋភាពប្លែកទឹកទន្លេពណ៌ពីរផ្សេងគ្នានៅពេលប្រសព្វគ្នា

0

ភ្នំពេញ៖ ខ្សែទឹកទន្លេមេគង្គ និងទន្លេសាប បានរំលេចចេញជាពីរពណ៌ផ្សេងគ្នា និងមិនរលាយចូលគ្នា ដែលបានបង្កើតជាផ្ទាំងទស្សនីយភាព ក៏ដូចជាទិដ្ឋភាពដ៏ប្លែក បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ប្រភពដដែលបញ្ជាក់ទៀតថា បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ទឹកទន្លេគឺមានធាតុផ្សំ និងមានសារធាតុរលាយខុសៗគ្នា។ មូលហេតុដែលទឹកទន្លេមិនរលាយចូលគ្នានេះ គឺបណ្តាលមកពីទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា ដង់ស៊ីតេនៃទន្លេទាំងពីរខុសគ្នា ទឹកទន្លេមានលំហូរបញ្ច្រាសទិសគ្នា និងល្បឿនលំហូរទឹកមានលក្ខណៈលឿន ឬយឺតជាងគ្នា។ លំហូរទឹកពីទន្លេមេគង្គនៃផ្ទៃអាងខាងលើ ត្រូវបានបង្វែរយ៉ាងខ្លាំងដោយសារលក្ខខណ្ឌអាកាសធាតុដែលកើតឡើងក្នុងរយៈពេលរដូវខ្យល់មូសុងប្រាំង និងវស្សា។ ជាទូទៅកម្រិតទឹកទន្លេមេគង្គមានការប្រែប្រួលចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ដែលកម្រិតកម្ពស់ទឹកទាបកើតឡើងពីខែកុម្ភៈ ដល់ខែមីនា និងរដូវទឹកជំនន់កើតឡើងចាប់ពីខែមិថុនា ដល់ខែធ្នូ ប្រមាណ៨៥-៩៥ភាគរយនៃធារទឹកសរុបប្រចាំឆ្នាំ។ ទឹកជំនន់ប្រចាំឆ្នាំតែងតែជន់លិចផ្ទៃដីធំនៃភាគខាងត្បូងប្រទេសកម្ពុជា និងវៀតណាមនៃផ្ទៃអាងខាងក្រោមបឹងទន្លេសាប និងចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាបនៅរាជធានីភ្នំពេញ។

នៅរដូវវស្សា ខែឧសភា-តុលា បរិមាណទឹកទន្លេមេគង្គមានការកើនឡើងខ្លាំងដោយសារភ្លៀងធ្លាក់ និងទឹកកករលាយពីតំបន់ខ្ពង់រាបទីបេប្រទេសចិន ដែលបណ្ដាលឱ្យល្បឿនលំហូរទឹកលឿន និងខ្លាំង នាំយកកករមកតិច ទាំងសារធាតុសរីរាង្គ និងអសរីរាង្គ បើប្រៀបធៀបទៅនឹងទន្លេសាប ដែលធ្វើឱ្យទឹកទន្លេមេគង្គមានពណ៌ថ្លាជាង និងខៀវជាង។ ស្របគ្នានេះដែរ លំហូរទឹកទន្លេសាបហូរបញ្ច្រាសដោយសារកម្ពស់ទឹកទន្លេមេគង្គខ្ពស់ ដែលនាំមកនូវកករច្រើនពីតំបន់ទំនាបលិចទឹកចូលក្នុងទន្លេសាប បង្កឱ្យទឹកទន្លេសាបមានសភាពល្អក់ និងមានពណ៌ត្នោត។

ភាពខុសគ្នានេះបង្កើតព្រំដែនធម្មជាតិដែលធ្វើឱ្យខ្សែទឹកទន្លេទាំងពីរមិនងាយរលាយជាមួយគ្នា។ ទន្លេសាប និងបឹងទន្លេសាប ដើរតួនាទីជានិយ័តករធម្មជាតិនៃទឹកជំនន់របស់អាងទន្លេមេគង្គខាងក្រោម ដោយបន្ថយកម្រិតអតិបរមានៃទឹកជំនន់នៅដើមរដូវទឹកជំនន់ និងដោយបង្កើនការហូរនៅរដូវប្រាំង។ នៅរដូវទឹកជំនន់ការហូរខ្លាំងនៃទឹកនៅក្នុងទន្លេមេគង្គ បណ្តាលឱ្យមានការហូរច្រាសទៅបឹងទន្លេសាប ធ្វើឱ្យទឹកនៅបឹងទន្លេសាបកើនយ៉ាងខ្លាំង និងជន់លិចព្រៃលិចទឹក ដែលនៅជុំវិញបឹងទន្លេសាប។ នៅរដូវប្រាំងទឹកបឹងទន្លេសាបបានហូរចេញតាមរយៈទន្លេសាប រួចហូរចូលទៅទន្លេមេគង្គ និងបន្ថយការហូរទៅក្នុងទន្លេមេគង្គប្រមាណ១៦ភាគរយ។

សូមជម្រាបផងដែរថា ទិដ្ឋភាពកើតឡើងនៅប្រទេសកម្ពុជា ក៏មានកើតឡើងនៅប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរ ដែលធ្វើអោយទឹកទន្លេមានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន ដូចជា៖ ទន្លេ Rio Negro និង Solimoes (ប្រទេសប្រស៊ីល) ទន្លេ Thompson និង Fraser (ប្រទេសកាណាដា) ទន្លេ Bhagirathi និង Alaknanda (ប្រទេសឥណ្ឌា) ទន្លេ Danube និង Inn (ប្រទេសអាល្លឺម៉ង់) ទន្លេ Rhone និង Arve (ប្រទេសស្វីស) ទន្លេ Green និង Colorado (សហរដ្ឋអាមេរិក)៕