ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ប្រកាសទិញស្រូវOMពីកសិករ ដែលកំពុងបាត់បង់ទីផ្សារ

0

ភ្នំពេញ៖ លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៥មករានេះ ក្រុមហ៊ុននេះបានយកឡានទៅដល់ស្រែរបស់កសិករដើម្បីប្រមូលទិញស្រូវOMពីកសិករក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង១គីឡូក្រាមអាស្រ័យលើទីតាំង ខណៈកសិករទុកស្រូវទុំហើយសើមនៅក្នុងស្រែយូរប្រឈមនឹងការខូចគុណភាព ដូចជាដុះ និងគ្រាប់អង្ករឡើងពណ៌លឿងជាដើម ។

លោកស្រីបានអោយដឹងថា ការប្រមូលទិញស្រូវដល់ទីតាំងស្រែនេះ ធ្វើឡើងទៅតាមទុន សមត្ថភាពឡសំងួត និងឃ្លាំង គឺដើម្បីសំងួត និងស្តុកទុកតែប៉ុណ្ណោះ ដោយរង់ចាំមើលទីផ្សារបញ្ចេញទៅតាមក្រោយ។យ៉ាងណាក៏ដោយក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia គ្រោងទិញស្រូវស្តុកទុកនៅពេលនេះខ្ទង់១២០០០តោន។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងថា រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិករបស់សហព័ន្ធកំពុងដើរទិញស្រូវប្រភេទOM នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ តាកែវ និងព្រៃវែង ដោយប្រមូលទិញស្រូវសើមក្នុង១គីឡូក្រាមចន្លោះពី៧៦០ដល់៨៣០រៀល។

សូមបញ្ជាក់ថា ស្រូវប្រាំងប្រភេទOMនៅឆ្នាំនេះបានជួបវិបត្តិទីផ្សារ ដោយសារឈ្មួញវៀតណាមឈប់ឡើងមកទិញ ធ្វើអោយតម្លៃស្រូវធ្លាក់ចុះ។

លោកស្រី ឃី មុន្នី បានរំលឹកអោយដឹងថា ស្រូវប្រភេទ OMដែលពូជនាំចូលពីប្រទេសវៀតណាមនេះ ធ្វើបាន១ឆ្នាំ២ដង ដោយផ្តល់ទិន្នផលខ្ពស់ ហើយមានទីផ្សារខ្ពស់កាលពីឆ្នាំ២០២៣និង២០២៤. ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាដែលមានចំណែក៣០ភាគរយនៃទីផ្សារអង្ករអន្តរជាតិ បានបិទការនាំចេញអង្ករ ធ្វើអោយប្រទេសវៀតណាមមានឱកាសបានឡើងមកទិញពីកម្ពុជាដើម្បីយកទៅលក់បន្តបំពេញទីផ្សារជំនួសឥណ្ឌា។ ប៉ុន្តែនៅឆ្នាំ២០២៥នេះ ស្រាប់តែរដ្ឋាភិបាលឥណ្ឌាបានបើកចំហរអោយនាំចេញអង្ករវិញ ធ្វើអោយវៀតណាមក៏ឈប់ឡើងមកទិញពីខ្មែរដែរ។

បើតាមលោកស្រី ឃី មុន្នី បានអោយដឹងថាតម្លៃស្រូវOMកាលពីអំឡុងឆ្នាំ២០២៣និង២០២៤មានតម្លៃរហូតដល់ទៅ១៣០០រៀលក្នុង១គីឡូក្រាម។

លោកស្រី ឃី មុន្នី បានបញ្ជាក់ថា ក្រោយពីបានទិញស្រូវOMពេលនេះស្តុកទុកអស់ហើយ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia នឹងសំឡឹងរកមើលទីផ្សារនាំចេញឆ្ពោះទៅបណ្តាប្រទេសដែលមានកម្រិតជីវភាពមធ្យមៗដោយអង្ករនេះធូរថ្លៃ និង មុខព្រួញសម្រាប់ទីផ្សារដែលគេទិញយកទៅធ្វើជាម៉្សៅអង្ករសម្រាប់ផលិតជាសរសៃរគុយទាវជាដើម៕