វិស័យឧស្សាហកម្ម ជាវិស័យឈានមុខ ក្រោយស្រូបទាញការវិនិយោគច្រើនក្នុងឆ្នាំ២០២៤

0

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា គូសរំលេចពីកំណើននៃការវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤១៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៦,៩ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២ម៉ឺនកន្លែង។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ លើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក នាពេលថ្មីៗនេះ។

ឯកឧត្តម បានបន្តថា ក្នុងចំណោមគម្រោងទាំង ៤១៤នេះ គឺមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ វិស័យឧស្សាហកម្មនៅតែជាវិស័យឈានមុខដែលបានស្រូបទាញការវិនិយោគច្រើន ដែលក្នុងឆ្នាំ២០២៤នេះ វិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម អគ្គលេខាធិការ បានគូសរំលេចថា រំហូរវិនិយោគចូលមកកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានកំណើនដ៏ខ្លាំងក្លានេះគឺជាសក្ខីកម្មនៃការដឹកនាំដ៏ខ្ពង់ខ្ពស់លើគន្លងមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយភាពបុរេសកម្ម ភាពបត់បែន និងមាននវានុវត្តន៍ខ្ពស់ ស្របទៅនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និងសកល។

ឯកឧត្តមបានមានសុទិដ្ឋិនិយមខ្ពស់ថា រំហូរវិនិយោគចូលមកកម្ពុជានឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការនៃការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា៕