គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ដែលមានតម្លៃ១៥០លានដុល្លារនិង​បង្កើតការងារ​៩ពាន់កន្លែង

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ​កិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បី​ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ក្រោម​អធិបតីភាព​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពី​សំណាក់​តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាល​រាជធានី ខេត្តពាក់ព័ន្ធ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ​អាម៉េរិក, អាចបង្កើតការងារ​បានចំនួនប្រមាណ ៩ពាន់កន្លែង។ គម្រោងវិនិយោគទាំង១៧ មានមុខសញ្ញា​វិនិយោគក្នុងវិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើត​រោងចក្រ​កែ​ច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើត​រោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើង​និងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាន​និងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ។

គម្រោងវិនិយោគទាំងនេះមានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយ​មានជ័យ៕