បង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីឃាត់ខ្លួនជនសង្ស័យ ៦ នាក់

0

កំពង់ចាម៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ ៦ នាក់​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​ដូន​ឡី ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

លោក ខេ​ង ម៉េ​ង​ឈុ​ន ប្រធាន​គណ​:​បញ្ជាការ​ឯកភាព ស្រុក​ព្រៃឈរ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៤ និង ០០ នាទី នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​ដូន​ឡី ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​មានការ​ឯកភាព​ពី​លោក តារា វិទូ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត រួម​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី ជីវ សេង​រស់ ឋាន​: ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​បេ​ី​ក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ០១​ករណី (​ដោយ​ប្រេ​ី​វិធាន​ញុះញង់​) ដោយ​សមត្ថកិច្ច​យើង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន ០៦​នាក់​ប្រុស ក្នុង​នោះ ឈ្មោះ ជិន សុខ​លី​ន ហៅ ពា​វ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ដូន​ឡី ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​មុខសញ្ញា​មាន​ថ្នាំ​ញៀន​ចំនួន ០៧​កញ្ចប់​។

លោក​អភិបាលស្រុក​បាន​បន្ត​ថា ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​យើង​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​បាន​ធ្វើការ​ឃាត់ខ្លួន​បក្សពួក​របស់​ជនសង្ស័យ​ខាងលើ​បាន​ចំនួន ០៥​នាក់​ទៀត​។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ករណី​ខាងលើ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មានម្សៅ​ក្រាម​ពណ៌​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ០៧​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​ចំនួន ០៤​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​យើង​បាន​បញ្ជូន​មក​កាន់ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​នៃ​ច្បាប់​៕