សិស្សវិទ្យាល័យល្វា ដែលបានទៅទស្សនកិច្ច នៅឧទ្យានជាតិគីរីរម្យ ហើយជួបគ្រោះថ្នាក់ចរាចរ ពេលនេះ ១៥នាក់ បានមកដល់វិទ្យាល័យល្វាវិញហើយ

0

កំពង់ចាម៖ ដោយ​ការ​យកចិត្តទុកដាក់ ពី ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដោយ​សហការ​ជាមួយ ឯកឧត្ដម ជៀម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ លើ​ករណី​សិស្ស​វិទ្យាល័យ​ល្វា ស្រុក​ព្រៃឈរ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​សិក្សា នៅ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គី​រី​រម្យ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​នោះ មក​ដល់​ត្រឹម​ម៉ោង ១១​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ នេះ សិស្ស​វគ្គ​ទី​១ ចំនួន ១៥​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត មក​ដល់​វិទ្យាល័យ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម វិញ​ហើយ ។ នេះ​បើ​តាម ការ​បញ្ជាក់​ឲ្យ​ដឹង ពី​លោក លី ម៉េ​ង​សាន ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ខណៈ​ពេល​ដែល រូប​លោក រួម​ជាមួយនឹង លោក ខេ​ង ម៉េ​ង​ឈុ​ន អភិបាលស្រុក​ព្រៃឈរ និង​សហការី ជា​ច្រើន​នាក់ ត្រូវ​បាន​ឯកឧត្ដម អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​ចាំ​ទទួល​ដំណើរ​វិល​ត្រឡប់​វិញ របស់​សិស្សានុសិស្ស​ទាំងអស់​នោះ នៅ​ខាង​មុខ​វិទ្យាល័យ​ល្វា ស្រុក​ព្រៃឈរ ។

លោក លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ សិស្ស​វគ្គ​ទី​១ ចំនួន ១៥​នាក់ បាន​មក​ដល់​គោលដៅ​ហើយ តែ​យើង​ក៏​នៅ​តែ​បន្ត​រង់ចាំ​ទទួល​ដំណើរ​វិល​វិញ របស់​សិស្ស ក្នុង​វគ្គ​បន្តបន្ទាប់​ទៀត ផង​ដែរ ។ ដោយឡែក សិស្ស​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ឪពុក​ម្ដាយ របស់​ពួក​គេ បាន​ទៅ​ទទួល​ដោយ​ផ្ទាល់ ពី​ខេត្តកំពង់ស្ពឺ មក​លំនៅ​ដ្ឋា​ន របស់​ពួក​គេ​ហើយ​ដែរ ។

សូម​ជម្រាប​ថា នា​រសៀល​ថៃ្ង​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ នេះ មាន​ករណី​រថយន្តក្រុង ១​គ្រឿង បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ រួច​ទៅ​អែប​នឹង​ជ្រោះ មាន​ដើមឈើ នៅ​ចំណុច លោកយាយ​បាំងដៃ ហួស​ចំណុច​ជ្រោះ​អូ​រក​សេះ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ លើ​ខ្នងភ្នំ​ឧទ្យាន​ជាតិ ព្រះ​កុសុមៈ​គី​រី​រម្យ នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជាមួយ​នោះ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់ ឯកឧត្ដម​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម​អភិបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​ចាត់​កម្លាំង​សមត្ថកិច្ច​ជំនាញ ប្រតិបត្ដិការ អន្ដរាគមន៍ ជួយ​សង្គ្រោះ​មនុស្ស ទាន់​ពេលវេលា និង​បាន​ដឹក​ជញ្ជូន​សិស្ស​ទាំងនោះ ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្សេង វិល​ត្រឡប់ មក​កាន់​វិទ្យាល័យ​ល្វា​វិញ ទៅ​តាម​ដំណាក់កាល បន្តបន្ទាប់ ផង​ដែរ ។

បើ​តាម លោកស្រី ឃាន សុភាព នាយិកា​វិទ្យាល័យ​ល្វា បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​សិក្សា នៅ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គី​រី​រម្យ នៃ​ខេត្តកំពង់ស្ពឺ នេះ ដឹកនាំ​ដោយ​គ្រូ ០១​រូប និង​ក្រុម​គ្រួសារ ចំនួន ០៤​រូប ហើយ​បាន​ធ្វើ​ដំណើរ តាមរ​យន្ត​ក្រុង ១​គ្រឿង មាន​មនុស្ស សរុប ៦៨​នាក់ ៕