កំពង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២:០០នាទី ថាមានសកម្មភាពជនមិនស្គាល់អត្ដសញ្ញាណ យកកាំភ្លើងកែច្នៃបាញ់មកលើរថយន្តបណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅចំណុផ្លូវបេតុងខាងត្បូងវត្តពព្រេង ស្ថិតក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាចំនួន០២នាក់ នៅវេលាម៉ោង១២:២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបាននាំយកមកសាកសួរបំភ្លឺ ហើយជនសង្ស័យបានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកកាំភ្លើងកែច្នៃ (បាញ់គ្រាប់កង់) បាញ់ទៅលើរថយន្ដ នៅចំណុចខាងលើ ពិតប្រាកដមែន ។
ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយេីងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលេីបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចង់ក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលដំបូងខេត្តកំពង់ចាម ៕