កំពង់ចាម៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកជើងព្រៃ នៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២៤ បានបង្ក្រាបករណីក្មេងទំនើងចំនួន នាក់ បង្ហោះម៉ូតូតាមទីសាធារណៈ ដោយធ្វើការអប់រំប្រគល់ឲ្យអាណាព្យាបាលវិញ។ ។ តាមមន្ត្រីនគរបាលមូលដ្ឋានបានអ្នកដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ២០២៤ វេលាម៉ោង១៤.៣០នាទី មានក្មេងមួយក្រុមបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្រោយពីទទួលពត៌មានបានភ្លាម សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការ រហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦.០០នាទី ទើបសមត្ថកិច្ចយើងកំណត់អត្តសញ្ញាណបានចំនួន ០៣នាក់ ក្នុងនោះរួមមាន៖
១-ឈ្មោះ ឆេង ស៊ីណា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត រស់នៅភូមិអារក្ស ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២-ឈ្មោះ រស់ ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣-ឈ្មោះ ថៃ ថា ហៅតន ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស
៤-ឈ្មោះ ភ័ស ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ ទាំង០២នាក់ រស់នៅភូមិប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
រួមទាំងវត្ថុតាងម៉ូតូចំនួន០២គ្រឿង ម៉ាក់សង់ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KT-6143 និង០១គ្រឿងទៀត ម៉ាក់សង់ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម1AE-5477 យកមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរបំភ្លឺ ក្នុងការសាកសួរបំភ្លឺក្មេងទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤.៣០នាទី ពិតប្រាកដមែន ។
សមត្ថកិច្ចយើងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពបង្ហោះម៉ូតូ ដោយមានការចូលរួមពីអាណាព្យាបាល នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកសាងសំណុំរឿង ដើម្បីបញ្ចូលទៅក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញាក្មេងទំនើងតាមនីតិវិធី ហើយសមត្ថកិច្ចយើងក៏បានអោយអាណាព្យាបាលមកទទួលយកអ្នកទាំង ០៤នាក់ខាងលើត្រឡប់ទៅមូលដ្ឋានវិញ ។ ចំណែកមធ្យោបាយម៉ូតូចំនួន០២គ្រឿង ត្រូវបានរក្សាទុករយៈពេល០៣ខែ នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ៕