ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឲ្យិក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។
ការលើកឡើងរបស់ឯកឧត្តមឃួង ស្រេងស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កំរើកឡើងវិញក្នុងរយះពេលថ្មីៗនេះតាមមូលដ្ឋាន។ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានឱ្យបង្កើតក្រុមប្រចាំការចាំតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំនិងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ដោយក្នុងខណ្ឌនីមួយៗមានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើលឱ្យសព្វគ្រប់កិច្ចការ ពិសេសក្មេងទំនើងនេះ ។ជាមួយគ្នានេះយើងត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ ជាដើម ។
ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នាទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ ឲ្យបាន។ត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកំលាំងនៅជាមួយមានបញ្ហាត្រូវមានមុខជានិច្ច។ទប់ស្កាត់ក្មេងទំនើងឱ្យបានដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៏ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះដែរ។ ក្នុងនោះឯកឧត្តមអភិបាលក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូល ទៅឆែកតាមម៉ូតូរបស់សិស្សតាមអនុវិទ្យាល័យនិងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំង រដ្ឋនិងឯកជន។យើងអនុវត្តការទប់ស្កាត់បទល្មើសនានាគឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ ។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តថា ដោយឡែកចំពោះករណី មុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន ។
ក្នុងឱកាសនោះ ឯកឧត្កម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរ ចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍ រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ទាំងសាលារៀនរដ្ឋនិងសាលារៀនឯកជន ។ឯកឧត្ដមឃួង ស្រេង បានជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតីលើកឡើងដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង។
ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួ្រតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែល គ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ៕