ជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល មកកាន់ខេត្ដសៀមរាប ចាប់ផ្ដើមជាផ្លូវការឡើងវិញ

0

សៀមរាប៖ ដូចអ្វីដែលបានគ្រោងទុក កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤​ក្រុមហ៊ុន​​អាកាសចរណ៍ Asiana Airlines របស់​ប្រទេស​កូរ៉េខាងត្បូង បានចាប់ផ្តើមហោះហើរត្រង់ចេញពីអាកាស​យានដ្ឋាន​អន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល មកកាន់អាកាស​យានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ នៃខេត្ដសៀមរាប ។នេះជាការបានចាប់ផ្តើមដំណើរការជើងហោះហើរ​របស់ខ្លួនឡើងវិញ បន្ទាប់អាក់ខានដោយសារពីវិបត្ដិជំងឺកូវីដ-១៩ ។

មន្ត្រីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា Asiana Airlines បានចាប់ផ្តើមហោះឡើងវិញ ដោយហោះ​ត្រង់ចេញពីទី​ក្រុងសេអ៊ូល មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ក្នុងមួយថ្ងៃមួយជើងជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ។ជើងហោះហើរលើកដំបូង​​នេះបាន​ដំណើរការជោគជ័យ និងបន្ដកិច្ចព្រមព្រៀងជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលបន្ថែមទៀត។

Asiana Airlines ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំទី២ របស់កូរ៉េ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Korean Airlines ហើយប្រតិបត្ដិ​ការហោះថ្មីជើងទី១នេះ ប្រើយន្តហោះប្រភេទអ៊ែបឺស ៣២១ ជាមួយអ្នកដំណើរជិត ២០០នាក់។

នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ មានជើងហោះហើរថ្មីៗ​ជាច្រើនទៀត បានធ្វើកិច្ចព្រមព្រៀង​មកកាន់​អាកាស​យានដ្ឋាន​អន្ដរជាតិសៀមរាប អង្គរ ។គិតមកដល់ខែធ្នូ ឆ្នាំនេះ ជាមធ្យមមាន​ជើងហោះហើរមកដល់ និងត្រឡប់​ទៅវិញ មានចំនួន ៥២ជើងក្នុង​មួយថ្ងៃ និងគិតជាមធ្យមមានភ្ញៀវធ្វើដំណើរតាមយន្ដហោះ ទាំងមកដល់ និងត្រឡប់ទៅវិញ ៥.០០០នាក់ក្នុងមួយថ្ងៃ៕