សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជិះម៉ូតូប្រើបំពង់ស៊ីម៉ាំងកែច្នៃ សំឡេងឮខ្លាំងរំខានដល់ប្រជាពលរដ្ឋ

0

កំពង់ចាម៖ កម្លាំង​កងរាជអាវុធហត្ថ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​បង្ក្រាប​ក្មេង​ទំនើង ដែល​ជិះ​ម៉ូតូ ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​កែ​ច្នៃ​បំពង​សំឡេង​ឮ​ខ្លាំង នៅ​វេលា​ម៉ោង ១៩ និង​១០​នាទី ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​រង្វង់​មូល​ត្រេ​ី​ង ស្ថិត​ក្នុងភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់សៀម បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់សៀម ទៅ​ដល់ បានឃើញ ក្មេង​ទំនើង​ម្នាក់​កំពុង​ប្រព្រឹត្ត​សកម្មភាព​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក Suzuki riders ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាក​លេខ កំពុង​ជិះ​ម៉ូតូ​ប្រើប្រាស់​បំពង់​សុ​ី​ម៉ាំង​កែ​ច្នៃ​ខុស​បច្ចេកទេស​បំពង​សំឡេង​រ៉ូ​លាន់​រំពង ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ភ្លាម​នោះ​កម្លាំង​យើង​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​សួរនាំ​ជា​លទ្ធផល អ្នកបើកបរ​ម៉ូតូ​០១​នាក់ ឈ្មោះ សុខុម ករុណា​ពេជ្រ អាយុ​១៦​ឆ្នាំ មុខរបរ​ជាង​ឡាន រស់នៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ សមត្ថកិច្ច​បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិ​វី​ធី ៕