សមត្ថកិច្ចស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់

0

ស្វាយ​រៀង ៖ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្ន ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥:៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ​រាជ បាន​ទទួល​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្មេង​ទំនើង​១ ក្រុម​មាន​គ្នា​ប្រហែល​៥​នាក់​ទៅ​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង បាន​កាន់​ដាវ​និង​កាំបិត ជិះ​ម៉ូតូ​អូស​បណ្តោយ​ថ្នល់​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​បាន​ចំងាយ​៥០០​ម៉ែត្រ រួច​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

ពេល​ទទួល​បាន​ព​ត៌​មាន​កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ពោធិ​រាជ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ធ្លក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អង្គ​តា​សូ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដូន​ស ស្ទាក់​តាម​គោលដៅ​ប្រទាក់ក្រឡា​នីមួយ​ៗ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​បាន​ចំនួន​៦​នាក់ ៖

១.​ឈ្មោះ​ដ​.​រ​.​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កណ្តាល​ឃុំ​ធ្លក​ស្រុក​ស្វាយ​ជ្រំ​។
២.​ឈ្មោ​ម​.​ស​.​រ​.​វ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​ចែងម៉ែង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ​។
៣.​ឈ្មោះ​ព​.​ម​.​រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិ​បឹង​ឃុំ​អង្គ​តា​សូ​ស្រុក​ស្វាយ​ជ្រំ​។
៤.​ឈ្មោះ​ស​.​ភ​.​រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិ​ធ្លក ឃុំ​ធ្លក​ស្រុក​ស្វាយ​ជ្រំ​។
៥.​ឈ្មោះ​ន​.​ស​.​ហ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កណ្តាល​ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ​។
៦.​ឈ្មោះ​ម​.​ជ​.​វ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​បឹង​គ្រៀល ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ

ពេល​សមត្ថកិច្ច​យើង​កំណត់​មុខសញ្ញា​បាន​ហើយ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ទាំង​៦​នាក់ បាន​នៅ​ចំណុច​កញ្ចុះ​លក់ដូរ​ដងព្រែក​ស្ថិត​នៅ​ភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ក៏​នាំ​ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​សាកសួរ​នៅ​ចំពោះ​មុខសញ្ញា​ក្មេង​ទំនើង​ទំនើង​ទាំង​៦​នាក់ បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣៖០០​នាទី​បក្សពួក​ខ្លួន​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង បាន​ដាក់​ដាវ និង​កាំបិត​កា​កុក​ក្នុង​កែបម៉ូតូ​ជិះ​ចេញពី​ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ជិះ​ម៉ូតូ​ទៅ​ដើរ​លេង​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង រហូត​ដល់​ម៉ោង​១៣:៥០​នាទី ទើប​បបួល​គ្នា​ជិះ​ម៉ូតូ​ចេញពី​ក្រុង​ស្វាយ​រៀង​វិញ រហូត​មក​ដល់​ចំណុច​លើ​ថ្នល់​ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ក៏​កាន់​ដាវ និង​កាំបិត​អូស​តាម​បណ្តោយ​ថ្នល់​បាន​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ ក៏​ឈប់​អូស​ក៏​ជិះ​ម៉ូតូ​ទៅ​ដល់​ភូមិ​អញ្ចាញ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ក្រុម​បក្សពួក​ខ្លួន​ក៏​កាន់​ដាវ និង​កាំបិត​អូស​លើ​ថ្នល់​ម្តងទៀត​បាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ទើប​ឈប់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចូល​ផ្ទះ​បន្ទាប់​មក​ក៏​យក​ដាវ និង​កាំបិត​ដាក់​ក្នុង​កែបម៉ូតូ​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង​ទៅ​កញ្ចុះ​លក់ដូរ​ដងព្រែក​ស្ថិត​នៅ​ភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ពេល​ក្រុម​បក្សពួក​ខ្លួន​កំពុង​អង្គុយ​លេង ស្រាប់តែ​សមត្ថកិច្ច​មក​ដល់​បាន​ឃាត់​ពួក​ខ្លួន​ទាំង​៦​នាក់​និង​ដកហូត​វត្ថុ​តាង​កាំបិត​និង​ដាវ​នៅ​ក្នុង​កែបម៉ូតូ​របស់​ពួក​ខ្លួន​។

ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​សារភាព​របស់​មុខសញ្ញា​ក្មេង​ទំនើង​រួច​ហើយ លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​បាន​សុំ​យោបល់ ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ទាំង​៦​នាក់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទៅ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕