ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់អេបក្រសួងព័ត៌មាន(MoINFO APP)ថាក្នុងរយៈពេលពីរខែចុងក្រោយគឺខែតុលា-វិច្ឆិកា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានកត់ត្រាទុកករណីព័ត៌មានក្លែងសរុបចំនួន ៦៥១។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានកត់ត្រាករណីព័ត៌មានក្លែងក្លាយបានចំនួន៩៨៥ករណី ហើយបើធៀបនឹងត្រីមាសទី២ គឺបានកើនចំនួន១១% ដែលមានចំនួនត្រឹម៨៨១ករណីព័ត៌មានក្លែងក្លាយ។
នៅឆមាសទី១ ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានរកឃើញ មានព័ត៌មានក្លែងក្លាយចំនួន ១ ៧០១ ករណី ពោលមានការកើនឡើង១២% បើធៀបនឹង ឆមាសទី១ ឆ្នាំ២០២៣ ដែលមាន ១ ៥១៩ករណី។ តែក្រសួងព័ត៌មាននៅមិនទាន់បានរួមបញ្ចូលចំនួនករណីព័ត៌មានក្លែងក្លាយដែលត្រូវបានកត់ត្រាទុកដោយក្រសួង ស្ថាប័ន ឬអង្គភាពផ្សេងៗ ទៀតនៅឡើយទេ។
សូមរំលឹកថា ចាប់ពី ឆ្នាំ ២០២០ ដល់ ឆមាស ទី ១ ឆ្នាំ ២០២២ កន្លងនេះ ក្រសួងព័ត៌មានបាន ស្រាវជ្រាវរកឃើញ ព័ត៌មានក្លែងក្លាយ ចំនួន ៤ ៦៥៧ មាតិកា។
កំណើនព័ត៌មានក្លែងក្លាយនេះ ត្រូវបាន កត់សម្គាល់ថា មានសន្ទុះខ្លាំងនៅក្នុង អំឡុងពេលដែលពិភពលោក ក៏ដូចជា កម្ពុជាកំពុង ប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមអ៉ីនធើណេត ក្នុងការប្រាស្រ័យទាក់ទងគ្នា ដើម្បីផ្តល់និងទទួលព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្ត្រោ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា បច្ចេកវិទ្យាបានបើកឱកាសដល់អ្នកប្រើប្រាស់អ៉ីនធឺណិតបង្កើតមាតិកាជាច្រើន ជាពិសេសតាមរយៈគណនីយ៉ាងសម្បូរបែបលើបណ្តាញទំនាក់ទំនងសង្គមរបស់គេ ដែលបានយកទៅបម្រើការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការផលិត និងបញ្ចេញព័ត៌មានក្លែងក្លាយផ្សេងៗជាសាធារណៈជាប្រចាំ ដោយមិនបានគិតដល់ហានិភ័យ និងផលវិបាកនានា ដែលព័ត៌មានកាឡៃ បំភ្លៃ បំភ័ន្ត ទាំងនោះបានបង្កឡើងដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ព័ត៌មានឡើយ។ ទង្វើទាំងនេះបានប៉ះពាល់ដល់ការទទួលព័ត៌មានពិត ប្រកបដោយគុណភាព និងសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារនិងគណៈកម្មការអន្តរក្រសួងដែលមានភារកិច្ចតាមដាននិងចាត់វិធានការណ៍ឆ្លើយតប។
ជាលទ្ធផលអ្នកផលិតព័ត៌មានក្លែងក្លាយ ដោយអចេតនាមួយចំនួនត្រូវបានយកមកអប់រំណែនាំ ដោយឡែកអ្នកប្រតិដ្ឋព័ត៌មានក្លែងក្លាយក្នុងចេតនាញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនឹងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមស្ថានទំងន់នៃទោស៕