ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ

0

កណ្តាល ៖ អនុវត្ត​នូវ​ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ និង​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ ព្រមទាំង​មានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកណ្តាល ដែល​ឯកឧត្តម តែងតែ​ដាស់តឿន ក្រើនរម្លឹក ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ការ បង្ក្រាប រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន ដូច​ជា​បទល្មើស​គ្រឿងញៀន លួច ឆក់ ប្លន់ ក្មេង​ទំនើង ពិសេស​អនុវត្ត​តាម​ទិស​ស្លោក​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា «​ប្រទេស​ជាតិ​ត្រូវ​តែ​ការពារ ប្រជា​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព បទល្មើស​ត្រូវ​តែ​បង្ក្រាប​»​។

ជាក់ស្តែង​នៅ​ថ្ងៃ​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ករណី​ឃាតកម្ម មួយ​កើតឡើង ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រុំ សង្កាត់​ស្វាយ​ជ្រុំ ក្រុង​អរិយ​ក្សត្រ ខេ​ត្ក​កណ្តាល​។ បង្ក​ដោយ​ជនសង្ស័យ ចំនួន ០១​ក្រុម បាន​ធ្វើការ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់ ក្រោយ​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រឿងហេតុ​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជា​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស និង​ក្រុង​អរិយ​ក្សត្រ ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តកណ្តាល ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ ស្វែងរក​ឃាត់ខ្លួន​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ខាងលើ​។

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​។

គួប​ផ្សំ​នឹង​ឆន្ទៈ ការ​តស៊ូ ព្យាយាម សាមគ្គី សហការ​គ្នា រវាង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ រហូត​កំណត់​មុខសញ្ញា​បាន​។ នៅ​វេលា​ម៉ោង​១០:៣០​នាទី ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី គង់ ស​ត្ថា​រិ​ន ស្នងការ​រង ស្នងការដ្ឋាន​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ចេ​តី​យ៍​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ភេទ​ប្រុស ចំណែក​បក្សពួក​ជនសង្ស័យ​ផ្សេង​ទៀត បាន​បើករថយន្ត​គេច​ចេញពី​កន្លែង​បង្ក្រាប ហើយ​បាន​យក​រថយន្ត ០១​គ្រឿង មក​ទុក​ចោល​នៅ​ក្នុងភូមិ​ទួល​ងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ហើយ​បាន​គេចខ្លួន​បាត់​តែ​ម្ដង​។

​នៅ​វេលា​ម៉ោង​១៣៖០០​នាទី ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន ក្រុម​ជនសង្ស័យ​នៅ​ខេត្តកំពង់ឆ្នាំង បាន​រក​ឃើញ​ខ្សែកាប ដែល​បាន​ប្រើ​សម្រាប​ធ្វើ​ទារុណកម្ម​វាយ​ធ្វើបាប​ជន​រង​គ្រោះ​, ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់ ធំ​០២​កញ្ចប់ មធ្យម​១០​កញ្ចប់​(​ទម្ងន់​ប្រមាណ ០៣​គីឡូក្រាម​) ដែល​លាក់​ទុក​ក្នុង​ធុង​ជ័រ​(​ធុង​ស្ពេ​ត​ត្រូ​) កប់​ក្នុង​ដី​នៅ​ក្នុង​រោង​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ​។

នៅ​វេ​ល​ម៉ោង​១៤៖៣០​នាទី ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បន្ត​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​មួយ​កន្លែង​ទៀត​របស់​ក្រុម​ជនសង្ស័យ បាន​ជួល​សម្រាប​ទុក​ថ្នាំ​ញៀន និង​ធ្វើ​ទារុណកម្ម​លើ​ជន​រង​គ្រោះ បាន​រក​ឃើញ​ខ្សែកាប​ដែល​ធ្វើ​ទារុណកម្ម និង​ធុង​ជ័រ​(​ធុង​ស្ពេ​ត​ត្រូ​) កប់​ក្នុង​ដី​សម្រាប​លាក់​ថ្នាំ​ញៀន តែ​មិនឃើញ​មាន​ថ្នាំ​ញៀន​ឡើយ ដោយសារ​ជនសង្ស័យ​បាន​យក​ទៅ​ជាមួយ​បាត់​អស់​។

​វត្ថុ​តាង​ដកហូត​សរុប​រួម​មានៈ រថយន្ត ចំនួន ០៣​គ្រឿង​, ម៉ូតូ ០៣​គ្រឿង​, ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១២​កញ្ចប់ (​ធំ​០២​កញ្ចប់ មធ្យម​១០​កញ្ចប់ ទម្ងន់​ប្រមាណ ៣​គីឡូក្រាម​), ទូរ​សព្ទ ចំនួន ០៥​គ្រឿង​, ខ្សែកាប ចំនួន ០២​ខ្សែ​(​សម្រាប់​ធ្វើ​ទារុណកម្ម​វាយ​ជន​រង​គ្រោះ​), ធុង​ជ័រ​(​ធុង​ស្ពេ​ត​ត្រូ​)​ទុក​គ្រឿងញៀន​០២, សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន និង​ឯកសារ​មួយ​ចំនួន​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​តាម​នីតិវិធី និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​រួច​៕