សមត្ថកិច្ចបំភ្លឺគណនីហ្វេសប៊ុកឈ្មោះ សឿម សំនិត បានបង្ហោះខ្លឹមសារ គិតខ្លួនឯងចុះមេៗរវល់ចាប់ជាតិអាកុលឡានមួយ២លានរៀលអាសូរតែឆ្ងាយដើរ៥០ជំហានដល់សោះ

0

ភ្នំពេញ៖ ជុំវិញ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សឿ​ម សំ​និ​ត បាន​បង្ហោះ​ខ្លឹមសារ គិត​ខ្លួនឯង​ចុះ​មេ​ៗ​រវល់​ចាប់ជាតិ​អាកុល​ឡាន​មួយ​២​លាន​រៀល​អាសូរ​តែ​ឆ្ងាយ​ដើរ​៥០​ជំហាន​ដល់​សោះ ហេតុ​អ្វី​មន្ត្រី​អនុវត្ត​ច្បាប់​ជាតិ​ស្រវឹង​មិន​មក​ជួយ​សង្គ្រោះ​បុរស​ម្នាក់​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដូច​ខ្លឹមសារ​ខាងលើ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថាៈ កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣ និង ៥៥​នាទី ត្រង់​ចំណុច ផ្លូវ​២១៦ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ដោយ​ជន​រង​គ្រោះ ០១​នាក់ ភេទ​ប្រុស អាយុ​ប្រហែល ៥៧​ឆ្នាំ ក្នុង​ស្ថានភាព​ស្រវឹង រូប​គាត់​បាន​ចេញពី​កន្លែង​ជូ​ប​ជុំ​មិត្តភក្ដិ នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ ក្រោយមក​ដោយសារ​គ្មាន​អី​ជិះ​មក​ផ្ទះ ក៏​បាន​សុំ​មនុស្ស​ស្រី​០១​នាក់ អាយុ​ប្រហែល​៣២​ឆ្នាំ ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក ស៊ុម​ម័​រ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក់​លេខ ភ្នំពេញ 1JN-9297 ជូន​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្រោយ​វត្ត​នុ​ន​មុន្នី ដោយ​ស្ដ្រី​នោះ​ជា​អ្នក​បើក​ម៉ូតូ ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង បណ្ដាល​ឱ្យ​បុរស​នោះ​ដួល​ធ្លាក់​លើ​ថ្នល់​រង​របួសស្រាល និង​វង្វេងស្មារតី ខណៈនោះ​ស្ត្រី​អ្នក​បើក​ម៉ូតូ​ក៏​ដក​សោរ​ម៉ូតូ​គេច​បាត់ ដោយ​បន្សល់​ម៉ូតូ​ទុក​កន្លែង​កើតហេតុ​។

ក្រោយ​ពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ក៏​សហការ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចុះ​មក​កន្លែង​កើតហេតុ ហើយ​ក៏​បាន​សម្រួល​ចរាចរណ៍​កន្លែង​កើតហេតុ និង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​បន្ទាន់​ដើម្បី​ដឹក​បុរស​នោះ​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​មក​រថយន្ត​សង្គ្រោះ​បាន​មក​ដល់ ប៉ុន្តែ​បុរស​នោះ​បានដឹង​ខ្លួន​មិន​ឡើង​ជិះ​រថយន្ត​សង្គ្រោះ​នោះ​ទេ គាត់​បាន​ដើរទៅ​ផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ​ដោយ​ខ្លួនឯង​បាត់ ហើយ​រថយន្ត​សង្គ្រោះ​បាន​ត្រឡប់​ទៅ​វិញ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១​។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ ដែល​ចោទ​សមត្ថកិច្ច​ថា​ឃើញ​ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មិន​ជួយ​នោះ គឺជា​ការ​បង្ហោះ​ព័ត៌មាន​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​ជាមួយនឹង​ការ​និយាយ​រិះគន់​មក​លើ​សមត្ថកិច្ច​ថា​គិតតែ​ចាប់​រថយន្ត​ផាក​២​លាន​រៀល​អនុវត្ត​ជាតិ​ស្រវឹង គឺជា​ការ​និយាយ​មាន​លក្ខណៈ​ញុះញង់​ឱ្យ​មហាជន​ស្អប់ខ្ពើម​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​យប់ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ជា​ពិសេស​ពង្រឹង​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕