ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំបណ្តាល័យសម្រាប់ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឱ្យនិស្សិតជំនាន់ក្រោយងាយស្រួលធ្វើការសិក្សាស្រាវជ្រាវ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នៅវិទ្យាស្ថានជាតិអប់រំសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសុំឱ្យ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យមើល ពិនិត្យមើលលទ្ធភាព…និស្សិតដែលបញ្ចប់ការសិក្សាបានសរសេរនិក្ខេបបទ ប៉ុន្តែឥលូវនេះបើសួរកន្លែងណាមួយដែលមានទុកនិក្ខេបបទដែល និសិ្សតរាប់ពាន់នាក់ សរសេគឺអត់មានទេ»។
សម្តេចបវរធិបតីបានបន្តថា នៅបណ្តាប្រទេសមួយចំនួនគេបានបង្កើតបណ្ណាល័យដើម្បីទុកនិក្ខេបបទរបស់និស្សិតដើម្បីឱ្យនិស្សិតជំនាន់ក្រោយធ្វើការសិក្សាស្រាវជ្រាវឬធ្វើការអាប់ដេតឱ្យល្អប្រសើរជាងមុននៅពេលសរសេរពេលក្រោយ។
សម្តេចបវរធិបតីបានបញ្ជាក់ថា៖« អ៊ីចឹងនៅពេលបង្កើតបណ្តាល័យដើម្បីដាក់និក្ខេបបទនោះ នៅពេលនិស្សិតក្រោយនៅពេលដែលគាត់ចូលបណ្ណាល័យ គាត់នឹងឃើញនិក្ខេបបទហើយគាត់អាចសិក្សាស្រាវជ្រាវបាន។ អាលូវគួរតែរៀបជាយន្តការថ្នាក់ជាតិមួយ ហើយឱ្យមានការចូលរួមពីនិស្សិត ដោយដាក់កម្មសិទ្ធបញ្ញា។ ខ្ញុំថានិស្សិតមិនចិត្តអាក្រក់ទេ ក្នុងការចែករំលែកនូវអ្វីដែលខ្លួនធ្វើ»។
សម្តេចបវរធិបតីបានឱ្យក្រសួងអប់រំធ្វើការពិនិត្យមើលនិងពិគ្រោះយោបល់ ជាមួយសកលវិទ្យាល័យផ្សេងៗដើម្បីបង្កើតជាបណ្ណាល័យ ឬមជ្ឈមណ្ឌលព័ត៌មានមួយ សម្រាប់ធ្វើការស្រាវជ្រាវ។ និក្ខេបបទរាប់ឆ្នាំមកនេះប្រហែលជាមានរាប់ម៉ឺននិក្ខេបទបទ ដូច្នេះយើងដាក់នៅកន្លែងណាមួយសម្រាប់ដាក់និក្ខេបបទចាស់ៗ ព្រោះវាជាកិច្ចការសំខាន់សម្រាប់ចងក្រងធ្វើជាមូលដ្ឋាន និងទិន្នន័យ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖« អ៊ីចឹង ខ្ញុំគិតថាកិច្ចការនេះគួរតែពិនិត្យរៀបចំ ដើម្បីយើងបន្តទៀត ព្រោះនិស្សិតភាគច្រើនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុទ្ធតែសរសេនិក្ខេបបទ…ការធ្វើបែបនេះមានភាពងាយស្រួលបើសិនចង់ស្រាវជ្រាវប្រធានបទ អ្វីមួយយើងចូល ក្នុងលីស ឬនៅពេលមានអ៊ីនធើណេតចូលទៅឃើញរាប់លីសទាំងអស់។ និក្ខេបបទមាន ប្រហាក់ប្រហែលនឹងអាចមកស្រាវជ្រាវបាន»។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្វីដលសំខាន់បំផុតនោះគឺបណ្តុំនៃស្នាដៃនិស្សិតខ្មែរយើង មិនថានៅរាជធានីភ្នំពេញ ឬនៅខេត្តទៅរៀននៅក្រៅប្រទេស សរសេរនិក្ខេបបទនៅក្រៅប្រទេសក៏ដោយគួរយកមួយច្បាប់ដាក់ក្នុងបណ្ណាល័យ។ ការធ្វើបែបនេះជាផលនៃការចែករំលែកគ្នា ដើម្បីធ្វើការកែសម្រួលឬធ្វើឱ្យប្រសើរ។
ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចបានជជែកជាមួយនិស្សិតមួយចំនួនដែលចង់សរសេរនិក្ខេបបទហើយត្រូវយកឯកសារនៅកន្លែងណាបាន៕