ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សិស្សនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សទាំង ១,១៥៧ អង្គ/នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យនេះ បានក្លាយជាធនធានថ្មីប្រកបដោយចំណេះដឹងនិងចូលរួមអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សូមគាំទ្រនិងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់បន្តចូលរួមលើកកម្ពស់គុណភាព អប់រំ បណ្តុះបណ្តាលនូវកម្រិតឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សឱ្យកាន់តែខ្ពស់ដូចការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា គ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញណ បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណសម្បត្តិសមស្រប ដល់យុវជនគ្រប់ៗជំនាន់ឱ្យក្លាយជាសសរទ្រូងនិងជាអ្នកបន្តវេននូវក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគ្គនៃការកសាងកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង ជាពិសេសត្រូវបណ្តុះបណ្តាលនិស្សិតឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សម្រាប់ស្ថាប័នរដ្ឋនិងឯកជនស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ឱ្យតម្លៃខ្ពស់និងផ្តល់អាទិភាពដល់វិស័យអប់រំ ដែលដើរតួនាទីស្នូលក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់ មានគុណភាពផ្តល់ចំណេះដឹង សមត្ថភាព ចំណេះវិជ្ជាជីវៈ គំនិតនវានុវត្តន៍និងការអប់រំអត្តចរិកឱ្យក្លាយជាពលរដ្ឋល្អជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌ អរិយៈធម៌កិត្តិយស កិត្យានុភាពនិងមោទនភាពជាតិ។ ជាក់ស្តែងដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យខាងលើរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តអនុវត្តន៍យុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកបញ្ចកោណទី១ គឺជាការអភិវឌ្ឍធនធានមនុស្សជាយុទ្ធសាស្ត្រអាទិភាព ជាពិសេសការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្របច្ចេកវិទ្យានិងការបណ្តុបណ្តាលជំនាញបច្ចេកទេសប្រកបដោយសីលធម៌ និងសមធម៌នូវតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងអស់ទាំងរដ្ឋនិងឯកជន ដោយផ្តោតលើចំណេះដឹងបទពិសោធន៍ ជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវដើម្បីតម្រង់ទិសឱ្យឆ្លើយតបនិងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បន្ថែមលើផែនការនិងកម្មវិធីនយោបាយ នៃសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តគាំទ្រនិងបានដាក់ចេញនូវគោលនយោបាយពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជនដោយផ្តល់ឱកាសឱ្យគ្រឹះស្ថានអប់រំឯកជនក្លាយជាដៃគូលើកវិស័យអប់រំ ដើម្បីឆ្លើយតបនឹងតម្រូវការសិស្សសិក្សានូវគ្រប់កម្រិតនិងតម្រូវការធនធានបញ្ញាសម្រាប់បន្តវេនដើម្បីបម្រើដល់សង្គមជាតិលើកគ្រប់វិស័យ៕