១១ខែ នៃឆ្នាំ២០២៤ គម្រោងវិនិយោគចិននៅកម្ពុជា ឈរនៅលំដាប់លេខរៀងទី១ ក្រោមទុនវិនិយោគសរុបប្រមាណ៣,២១ពាន់លានដុល្លារអាម៉េរិក

0

ភ្នំពេញ៖ ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកបណ្តាក់ទុនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។ ជាក់ស្តែង ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ គម្រោងវិនិយោគចិននៅកម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ក្រោមទុនវិនិយោគសរុបប្រមាណ៣,២១ពាន់លានដុល្លារអាម៉េរិក។

នេះជាការបញ្ចាក់របស់ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងកិច្ចប្រជុំខាងលើនៅទីក្រុងគុនមិញ ខេត្តយូណាន ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

ឆ្លៀតនាឱកានសនោះ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងនូវការអបអរសាទរយ៉ាងក្លៀវក្លាជូនរដ្ឋបាលខេត្តយូណានសម្រាប់ភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់

មេគង្គលើកទី៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរតាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ថែមពីនេះ ឯកឧត្តមបានគូសបញ្ជាក់សាជាថ្មីអំពីចំណងមិត្តភាពជាប្រពៃណីដែលភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ។

ក្នុងស្មារតីដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រលើកិច្ចការស្តីពីវិនិយោគឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតទៀតនិយាយជារួម និងនិយាយដោយឡែកក្នុងក្របខ័ណ្ឌទ្វេភាគីក្នុងនាមជាមិត្តរួមទន្លេមេគង្គ-ឡានឆាងតែមួយជាមួយខេត្តយូណាន ឯកឧត្តមបានលើកទឹកចិត្តសហគ្រាសមកខេត្តយូណានឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាដើម្បីផលិតវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុងតំបន់៕