ក្រោមទុនវិនិយោគជាង៥០០លានដុល្លារ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋាគារផ្កាយ៥ នៅខេត្តព្រះសីហនុកំពុង ដំណើរការ

0

ព្រះសីហនុ៖ ក្រោមទុនវិនិយោគ​ប្រមាណជាង​៥០០លានដុល្លារអាមេរិក​ គម្រោង​សណ្ឋាគារ​ផ្កាយ៥​ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Peninsula Integrated Resort នៅ​ខេត្ត​ព្រះ​​សីហនុ​ គិតត្រឹមខែធ្នូនេះសម្រេច​ការ​សាងសង់​ប្រមាណ១៣​ភាគរយហើយ ។ទន្ទឹមនេះគម្រោង​នឹង​ត្រូវដាក់ទុនវិនិយោគរហូតដល់​​៣០០លានដុល្លារបន្ថែមទៀត ។

​ លោក សេង អៀក​ ប្រធាន​រដ្ឋ​បាល​នៃក្រុមហ៊ុនអភិវឌ្ឍ​ន៍​សណ្ឋាគារ​ផ្កាយ​៥ និ​ងម​ជ្ឈ​ម​ណ្ឌល​ពាណិ​ជ្ជក​ម្ម​​ Peninsula Integrated Resort បានប្រាប់បណ្ដាញសារព័ត៌មានថា រហូតមកដល់​ខែធ្នូនេះ គម្រោង​សាង​សង់​​សណ្ឋាគារផ្កាយ និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម​សម្រេច​បាន​ប្រមាណ១៣ភាគរយហើយ និង​កំពុង​អភិវឌ្ឍន៍​ទៅមុខជា​បន្តបន្ទាប់ ។

គម្រោងដ៏ធំមួយនេះ គ្រោង​នឹង​បញ្ចប់ទាំង​ស្រុង​នៅអំឡុងខែ​កុម្ភៈ ឆ្នាំ​២០២៨​ខាងមុខ ដោយ​បច្ចុ​ប្បន្ន​ ក្រុមហ៊ុន​សាងសង់​បាន និងកំពុង​ពន្លឿនការ​សាងសង់ ដើម្បីឱ្យចប់​ទៅតាមផែនការ ដោយ​បាន​ប្រើ​ប្រាស់​​កម្លាំង​ពលកម្មសរុប​ក្នុងការដ្ឋាន​ប្រមាណ ១០០០​នាក់ មកពី​ចម្រុះជាតិ​សាសន៍ ដូចជា​ ចិន ខ្មែរ នេប៉ាល់ និងបង់ក្លាដេស ​​ជាដើម​។នេះបើតាម​លោក សេង អៀក បញ្ជាក់។

នៅក្នុងគម្រោង​នេះ មានដូចជា​សណ្ឋាគារ​ផ្កាយ​៥ មជ្ឈមណ្ឌលពាណិជ្ជ​កម្ម​ជាច្រើនប្រភេទ និងផ្សារ​ទំនើប​ ។លោក សេង អៀក បន្តថា ដោយ​សារ​តែការ​សាងសង់​គម្រោងនេះ​កាន់តែរីកធំជាង​ផែនការ ក្រុមហ៊ុន​បាន​ត្រៀម​ថ​វិកា​​បន្ថែម​ប្រមាណ​៣០០លានដុល្លារ។ ដូច្នេះសរុប​ទឹកប្រាក់​នៃកា​រវិនិយោគ​លើ​គម្រោ​ងនេះ អាច​យ៉ាង​ហោច​ណាស់ក៏​៨០០​លានដុល្លារ។

ម្ចាស់គម្រោងមានសុទិដ្ឋិនិយមថា តាមរយៈគម្រោងនេះ នឹងជួយ​លើក​មុខ​មាត់​ខេ​ត្ត​ព្រះ​សី​ហនុ​បា​នមួយកម្រិតទៀត និងអាច​ជា​សក្ដានុពល​បន្ថែមសម្រាប់ទាក់ទាញ​ការ​វិនិយោគពី​បរទេស​មកកាន់​ប្រ​ទេស​កម្ពុជា និងជាពិសេស​ខេត្តព្រះ​សីហនុផ្ទាល់​តែម្ដង ។

បើតាម លោក សេង អៀក នៅពេល​គម្រោងមួយនេះដាក់ឱ្យដំណើរការ ​អាច​នឹង​​ផ្ដល់​ការងារ​ដោយផ្ទាល់​ប្រមាណ ៤​ពាន់នាក់​ និងដោយ​ប្រយោល​​ជាច្រើននាក់ ។

ពាក់ព័ន្ធនឹងគម្រោងដ៏ធំមួយនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ បាន​មានប្រសាសន៍ទៅកាន់​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​សណ្ឋាគារ​ផ្កាយ​៥ និង​មជ្ឈ​មណ្ឌលពាណិជ្ជកម្ម​មួយកាលពី​សប្ដាហ៍មុន​ថា ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ ត្រូវ​បាន​លើកទឹកចិត្ត​ពីសំណាក់​រាជរដ្ឋា​ភិបាល ដូច្នេះ​ បើសិនជា​ក្រុមហ៊ុនមានអ្វី​ចង់សំណូមពរ​ដល់រាជរដ្ឋាភិបាល ក្រុ​ម​ហ៊ុន​អាច​ទាក់ទង​ទៅកាន់​រដ្ឋ​បាល​ខេត្ត ក៏​ដូចជា​ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ដើម្បី​រ​ក​ដំ​ណោះ​ស្រាយ​ ។​

ចំណែកឯកឧត្តម ​ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារ​បចេ្ចកទេសអន្តរក្រសួង ដើម្បីរៀបចំ និង​អនុវ​ត្ត​ផែ​​ន​កា​រ​មេអភិវឌ្ឍ​ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍ​ប​ណ្ដាខេ​ត្ត​ជា​ប់​ឆ្នេរ​ស​មុ​​ទ្រ​​កម្ពុជា ជា​របៀង​សេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា​។ឯកឧត្តមបន្តថា ក្នុងផែនការ​មេ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សី​ហនុ​រយៈពេល​១៥ឆ្នាំ​ខាងមុខ រំពឹងថានឹងទទួលបានទឹកប្រាក់វិនិយោគ​ប្រមាណ២០ពាន់​លា​ន​​​ដុល្លារហើយនឹង​ជួយជំរុញឱ្យ​ខេត្តព្រះសីហនុ​កាន់តែរីក​ចម្រើន កាន់តែមានសក្ដានុពល និង​ជា​ពិ​សេ​​ស​ ជួយផ្ដល់​ប្រាក់​ចំណូលដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ​ និង​ចូលរួម​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា៕