សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវាស់វែងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ឆ្លើយតបនឹងការគាំទ្ររបស់ពលរដ្ឋជាម្ចាស់ឆ្នោត

0

កំពង់ចាម៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​បន្ត​វាស់វែង និង​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដី​ធី​ឱ្យ​ចប់​សព្វគ្រប់​ជូន​ប្រជាពលរដ្ឋ គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​ឆ្លើយ​តប ទៅ​នឹង​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​។

ការ​ថ្លែង​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ខេត្តកំពង់ចាម បញ្ចប់​ការ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ ស្ថិត​ក្នុងស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤​នេះ​។

ក្នុង​ឱកាស​នេះ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល នៅ​តែ​បន្ត​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ លើ​បញ្ហា​ដីធ្លី​នេះ ជា​ពិសេស​រាជរដ្ឋាភិបាល បាន​ខិតខំ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​យន្តការ​នានា ។

ក្នុង​នោះ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា “​នេះ​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នឹង​បន្ត​ខិតខំ​ដឹកនាំ ដើម្បី​ឆ្លើយ​តប ជាមួយនឹង​ប្រជា​ពល​ដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត ដែល​បាន​បោះ​ឆ្នោត ផ្តល់​ការ​គាំទ្រ ដល់​រាជរដ្ឋាភិបាល ដល់​គណបក្ស​ប្រជា​កម្ពុជា ដើម្បី​ឱ្យ​បម្រើ​ដល់​ប្រជាជន ចឹ​ង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ក្នុង​វិស័យ​ដីធ្លី គឺ​មាន​តែ​ខិតខំ​ធ្វើ​យ៉ាងណា វាស់វែង​ឱ្យ​ចប់ ផ្តល់​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ ឱ្យ​បាន​ត្រឹមត្រូវ ហើយ​បង្ក​លក្ខណៈ​ឱ្យ​កាន់តែ​មាន​តម្លៃ និង​មានឱកាស​ច្រើន នៅ​ក្នុង​ការ​ប្រើប្រាស់​ដីធ្លី ឱ្យ​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​បាន​ផល នេះ​ហើយ​ជា​ការ​ប្តេជ្ញា​ចិត្ត​”​។

សូម​បញ្ជាក់​ថា ខេត្តកំពង់ចាម បាន​ក្លាយជា​ខេត្ត​ដែល​ត្រូវ​បាន​ប្រកាស ជា​ខេត្ត​ដំបូង​គេ​បញ្ចប់​ការ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​៕