សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវាស់វែងចុះបញ្ជីក្បាលដីជាប្រព័ន្ធនៅទូទាំងប្រទេស គ្រោងបញ្ចប់នៅឆ្នាំ២០២៥ និងឈានដល់ចែកបណ្ណជូនពលរដ្ឋនៅឆ្នាំ២០២៧

0

កំពង់ចាម៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ជំរុញ​ដល់​ការ​វាស់វែង ក្នុង​ការ​ចុះបញ្ជី​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ឱ្យ​ចប់​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ នឹង​ឈាន​ដល់​ការ​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​បាន ក្នុង​អំឡុង​ឆ្នាំ​២០២៧​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ខេត្តកំពង់ចាម បញ្ចប់​ការ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ ស្ថិត​ក្នុងស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤​នេះ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា មក​ដល់​នឹង​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល បាន​ជំរុញ​ការ​ចុះបញ្ជី​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស បាន​ចំនួន​៣​លាន​៤​សែន​ក្បាលដី និង​បាន​ចែក​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​៨​ម៉ឺន​៧​ពាន់​បណ្ណ ខណៈ​សម្តេច​ធិ​បតី បញ្ជាក់​បន្ថែម​ថា នៅ​សល់​តែ​ប្រហែល​១​លាន​៣​សែន​ក្បាលដី​ទៀត​នោះ​ទេ ដែល​ត្រូវ​ចុះបញ្ជី​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា “​យើង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​គោលដៅ​របស់​យើង គ្រោង​បញ្ចប់ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ ក្នុង​ការ​វាស់វែង​ចុះបញ្ជី ដើម្បី​យើង​ឈាន​ទៅ​ដល់​ការ​ចែក​បណ្ណ ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ទទួល​បានឱ្យ​ចប់ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៧ និយាយ​រួម​ជិត​៤០​ឆ្នាំ នៃ​ខួប​នៃ​ការ​ផ្តល់​ដី​សម្បទាន ចឹ​ង​ខ្ញុំ​សូម​ជូន​ព័ត៌មាន​នេះ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​”៕